រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កំណាត់ផ្លូវជាតិ​លេខ​២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងក្រុងតាខ្មៅ ត្រូវបានបើកការ​ដ្ឋាន​ស្ថាបនាលូបេតុង​ និងដាក់រ៉ឺហ្គា

+++++++++(ខេត្តកណ្តាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានចូលរួ​មជាអធិបតីក្នុងពិធី​បើកការ​ដ្ឋាន​ស្ថាបនាប្រព័ន្ធលូបេតុង​ និង រ៉ឺហ្គា លើកំណាត់​ផ្លូវជាតិ​លេខ​២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល​​​។

​ មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌបានថ្លែងថា៖ ថ្ងៃ​នេះ​​មិន​មែន​​ជា​លើក​ទី​១​​ទេ ដែល​​​ក្រុងតាខ្មៅមាន​ការ​អភិវឌ្ឍ​​​ ប្រទេស​​ជាតិមានការរីកចំរើនក្រោម​​ការ​ដឹក​នាំ​​របស់​សម្តេច​តេជោ​ ហ៊ុន សែន គឺមិន​ប្រកាន់​​ជាតិ​សាសន៍​​ ឬសាសនា​​ឡើយ​ គឺ​រស់​​​នៅក្រោម​ដំបូល​​តែ​​មួយ​​​ ហេតុ​​នេះ​​បាន​ជា​គ្រប់​​ជាតិ​សាសន៍​​និង​សាសនា​​​ទាំង​អស់​​រស់នៅ​ជាមួយ​​គ្នា​យ៉ាង​​សុខ​ដុម​រមនា។ហើយសមិទ្ធ​ផល​​​ដែល​កើ​ត​ឡើង​​នៅក្នុង​​​សម័យ​តេជោ​​រួមមានហេដ្ឋារចនាសម្ព័ន្ធ​មានផ្លូវ​ ស្ពាន​​ លូបង្ហូរ​ទឹក​ សំណង់​សាធារណៈផ្សេង​ៗទៀត​មានការរី​ក​លូត​លាស់​ឡើង​​ ដោយ​សារ​ការខិតខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទើបធ្វើអោយប្រទេស​ជាតិ​មានការ​រីក​ចំរើន​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមស្ថាបនាលូបេតុងសរសៃដែកមុខកាត់​១,៥ម៉ែត្រ ប្រវែង ៧៦២ ម៉ែត្រ ដាក់រ៉ឺហ្គាទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ចំនួន ៣៤ កន្លែង តាមបណ្តោយ​ផ្លូវជាតិលេខ២១នេះ និងស្ថាបនាលូបេតុងសរសៃដែក មុខកាត់ ១ម៉ែត្រ ប្រវែង ២៣២ ម៉ែត្រ និងរ៉ឺហ្គា ទំហំ ១,៨ ម៉ែត្រ គុណ ១,៨ ម៉ែត្រ ចំនួន ១៤កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១០ ដោយចំណាយថវិកាអស់ប្រមាណ ២០០០លានរៀល ឬស្មើនឹង៦០ម៉ឺនដុល្លារ ដែលនេះជាកាយវិការដ៏​ល្អប្រពៃ និងជាគំរូដ៏ល្អ ដែលបានដាក់ទុនវិនិយោគក្នុងភូមិសាស្រ្តខេត្តកណ្តាល​ និងបាន​ចូល​រួម​អភិវឌ្ឍ​ក្នុងវិស័យសាធារណៈការ សំណង់សិល្បៈការ ដើម្បីទុកបម្រើជាប្រយោជន៍សាធារណៈ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួល បានជំនឿទុកចិត្ត បង្រ្កាបបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់ នៅពេលការដ្ឋានដំណើរការ និងសូមចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស ដើម្បីអោយការដ្ឋាននេះដំណើរការប្រកបដោយជោគជ័យ។

អត្ថបទទាក់ទង