រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំការសិក្សាគំនូសប្លង់បច្ចេកទេសលម្អិតសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ

++++++++++++ខេត្តកណ្ដាល ៖ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការ សិក្សាគំនូសប្លង់បច្ចេកទេសលម្អិតសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ រួមនឹងមន្រ្តីជំនាញ ដើម្បីជួយផ្តល់ជាទិន្នន័យ និងមតិយោបល់ផ្សេងៗ សំដៅធ្វើឱ្យគម្រោងនេះប្រព្រឹត្តទៅទទួលបានលទ្ធផលជោគជ័យតាមផែនការគ្រោងទុក។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ផែនការមេ និងយុទ្ធសាស្រ្តប្រព័ន្ធលូ ទូទាំងប្រទេសកម្ពុជា គឺសំដៅរួម នៃផែនការមូលដ្ឋានថ្នាក់ជាតិ ស្ដីពី ប្រព័ន្ធលូ និងសម្រាប់កំណត់សូចនាករនៃផែនការប្រព័ន្ធលូ ។

ឯកឧត្ដមអភិបាលរងខេត្ត បានបន្តថា ប្រព្រឹត្តកម្មទឹកកខ្វក់ ការរចនាប្រព័ន្ធលូ និងការសាងសង់សំណង់តាមស្ដង់ដារ គឺត្រូវពិនិត្យអំពី អត្រានៃការបំប្លែងទឹកកខ្វក់ ការប៉ាន់ស្មាននៃបរិមាណទឹកកខ្វក់ ដែលមានប្រភពមកពី លំនៅដ្ឋាន ឧស្សាហកម្ម និងទេសចរណ៍ ការសំខាន់គឺប្លង់គោលប្រើប្រាស់ដីធ្លី និងចំនួនប៉ាន់ស្មានជាដង់ស៊ីតេប្រជាជន ក្នុងក្រុងតាខ្មៅ គឺចាំបាច់ត្រូវតែធើ្វបច្ចុប្បន្នភាព ដើម្បីធ្វើការសិក្សាលើទិន្នន័យទាំងនោះ ឱ្យសមស្របទៅនឹង ទិន្នន័យនៃអត្រាលំហូរ និងបរិមាណទឹកកខ្វក់ជាក់ស្ដែង។ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរអង្គភាព និងមន្រី្តជំនាញ ត្រូវពន្លឿនការសិក្សាគំនូសប្លង់បច្ចេកទេស គម្រោងអភិវឌ្ឍន៍ប្រព័ន្ធច្រោះទឹកកខ្វក់ឱ្យបានឆាប់រហ័ស ត្រូវប្រមូលទិន្នន័យដែលពាក់ព័ន្ធពីការសិក្សាប្រព័ន្ធលូ និងយុទ្ធសាស្រ្តប្រព័ន្ធលូ សម្រាប់ក្រុងតាខ្មៅ ដើម្បីរៀបចំផែនការណ៍អភិវឌ្ឍន៍ក្រុងតាខ្មៅ ឆ្នាំ២០៣០ ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវរកទិន្នន័យទឹកភ្លៀងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ និងការខូចខាតនៃតំបន់ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងក្រុងតាខ្មៅ ១០ឆ្នាំចុងក្រោយ ។ មន្ទីរបរិស្ថានត្រូវ ត្រៀមច្បាប់ និងបទបញ្ញត្តិទាក់ទងនឹងការគ្រប់គ្រងសំណង់រាវ ត្រូវសិក្សាលើគុណភាពទឹកនៃទីតាំងគម្រោង និងទីតាំងប្រហាក់ប្រហែលពីរោងចក្រប្រព្រឹត្តកម្ម និងគម្រោងបំពង់បង្ហូរ និងមន្ទីរសាធារការ និងដឹកជញ្ជូនខេត្ត ត្រូវរៀបចំផែនទីប្រព័ន្ធបំពង់បង្ហូរ ប្រព័ន្ធលូក្នុងក្រុងតាខ្មៅ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ឱ្យបានច្បាស់លាស់ផងដែរ ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ បច្ចុប្បន្ននេះ ត្រូវបានក្រុមការងារនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចម្រុះ DOHWA Engineerinig Co., Ltd. និងក្រុមហ៊ុន SEOYOUNG Engineering Co., Ltd. កំពុងសិក្សាគំនូសប្លង់បច្ចេកទេសលម្អិត នឹងឈានទៅសម្រេចលទ្ធផលសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រជុំ និងសិក្សាលើទិន្នន័យលម្អិតបានចប់សព្វគ្រប់។

អត្ថបទទាក់ទង