+++++ខេត្តកណ្ដាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានបញ្ចាក់ថា វគ្គបណ្ដុះបណ្ដាលស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី koBo Tool Box និងធ្វើបច្ចុប្បន្នភាព ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងតាមដានសភាពការណ៍ Platform for Real-time Impact and Situation Monitoringហៅកាត់PRISMនេះ គឺពិតជាមានសារៈសំខាន់ណាស់ដល់ក្រុមការងារមន្ត្រីបង្គោល ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក ដើម្បីទទួលបាននូវចំណេះដឹងអំពីការប្រើប្រាក់ឧបករណ៍បញ្ចូលទិន្នន័យគ្រោះមហន្តរាយថ្មីKoBoTool Box និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ PRISM បានកាន់តែត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ឯកឧត្តមបានបញ្ជាក់ដូច្នេះ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី koBo Tool Box និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ PRISM
នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ដែលមានរយៈ០២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី លោកអែម សំណាង អនុប្រធាននាយកដ្ធានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធផងដែរ។ ឯកឧត្តម បានមានប្រសាសន៍ឲ្យដឹងទៀតថា: គ្រោះមហន្តរាយគឺជាបញ្ហារបស់យើងទាំងអស់គ្នា ដែលត្រូវតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងពង្រឹងសុវត្ថិភាពទាំងធនធានមនុស្ស និងសម្ភារៈសម្រាប់ត្រៀមរៀបចំឆ្លើយតបនឹងគ្រោះមហន្តរាយដែលអាចនឹងកើតមានឡើងជាយថាហេតុ នៅគ្រប់ពេលវេលាគ្រប់ទីកន្លែងដែលយើងមិនអាចប៉ាន់ស្មានជាមុនបាន និងទាមទារឱ្យយើងមានការគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការស្បៀងអាហារពិភពលោក WFP (World Food Programe )ផងដែរ។
ឯកឧត្តម នុត ពុធដារ៉ា បានឱ្យដឹងថា អនុវត្តតាមសេចក្ដីណែនាំរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ត្រីបង្គោល PRISM ខេត្ត ក្រុង ស្រុក បានចាប់ផ្ដើមអនុវត្តការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ PRISM ចាប់ពីខែមិថុនា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ក្នុងនោះសម្រាប់ខេត្តកណ្តាលមាន ក្រុង ស្រុក តិចតួចណាស់ដែលបានធ្វើការបញ្ចូលកំណត់ត្រាតំាងពីឆ្នាំ២០១៩ដល់ឆ្នំា២០២១ ដែលជាហេតុធ្វើឱ្យប្រព័ន្ធនេះមិនអាចដំណើរការបានល្អដូចការគ្រោងទុក។ ក៏ប៉ុន្តែក្រុមការងារ PRISM ខេត្ត ក្រុង ស្រុក ក៏បានបំពេញការងារជាប្រចាំថ្ងៃតាមរយៈប្រព័ន្ធ Telegram ដោយបានធ្វើការពិភាក្សា ផ្លាស់ប្ដូរយោបល់ជាប្រចាំ នៅរាល់ពេលមានហេតុការណ៍កើតឡើង ក្នុងករណីចាំបាច់ ក្រុមការងារតែងបានស្នើសុំយោបល់ជាបន្ទាន់មកថ្នាក់លើ ដើម្បីពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែលជាមន្ត្រីបង្គោល PRISMទាំងអស់ សូមអោយយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស និងពិភាក្សាគ្នាឱ្យបានផុលផុសពាក់ព័ន្ធនិងការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី( kOBO Tool Box )ដែលជាប្រព័ន្ធថ្មីនេះកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត។សូមជម្រាបផងដែរថា៖ ប្រព័ន្ធPRISM បង្កើតឡើងក្នុងគោលបំណងរួមបញ្ចូលលំហូរព័ត៌មានរបស់ក្រសួងពាក់ព័ន្ធនានាដូចជាអត្តសញ្ញាណគ្រួសារក្រីក្រ និងជាវេទិកាដែលផ្ដល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីគ្រោះមហន្តរាយ ទាន់ពេលវេលាជំនួយ ដល់អ្នកធ្វើការសម្រេចចិត្ត ក្នុងការធ្វើផែនការត្រៀមបង្ការ និងការឆ្លើយតបនានា។
តួនាទី និងលក្ខណៈពិសេសរបស់ប្រព័ន្ធ PRISM មានដូចជា៖ -មន្រ្តីបង្គោលថ្នាក់ក្រោមជាតិ ជាអ្នកបញ្ចូលទិន្នន័យ និងពិនិត្យមុនពេលបញ្ជូនមកថ្នាក់ជាតិ-ការបង្កើត និងចងក្រងជារបាយការណ៍ស្តីពីផលប៉ះពាល់ដោយស្វ័យប្រវត្តិ និងរក្សាទុក ជាប្រវត្តិទិន្នន័យ ឬប្រវត្តិព្រឹត្តិការណ៍នានាដែលបានកើតឡើងនាពេលកន្លងមក-មានភាពងាយស្រួលក្នុងការទាញយកទិន្នន័យមកប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង សម្រាប់ធ្វើផែនការត្រៀមបង្ការ និងឆ្លើយតបនានា៕