រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២២ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ទទួលបានការលើកទឹកចិត្តពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់សិត្បូ

++++++++++++++ខេត្តកណ្ដាល៖ សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ទទួលបានការលើកទឹកចិត្តពីឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់សិត្បូ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ។

ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់សិត្បូ បានសំដែងនូវការអបអរសាទរចំពោះសិស្សដែលទទួលបានជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២០-២០២១។ ក្នុងនោះដែរឯកឧត្តមក៏បានចូលរួមសោកស្ដាយចំពោះសិស្សានុសិស្សដែលមិនបានប្រលងជាប់ និងបានលើកទឹកចិត្តដល់សិស្សសានុសិស្សដែលមិនបានប្រឡងជាប់ មិនត្រូវអស់សង្ឃឹម និងបោះបង់ចោលការសិក្សាឡើយ ត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីឱ្យទទួលបានលទ្ធផលជោគជ័យនៅឆ្នាំសិក្សាបន្តទៀត។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ក្នុងសង្កាត់សិត្បូ ដែលក្នុងនោះសិស្សនិទ្ទេសA ចំនួន១រូប និទ្ទេសB ចំនួន៨រូប និទ្ទេសC ចំនួន១៦រូប និទ្ទេសD ចំនួន២១រូប និទ្ទេសE ចំនួន១៦រូប និងបានចូលរួមសោកស្តាយដល់សិស្សចំនួន១២នាក់មិនបានប្រឡងជាប់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ក្មួយៗ​ជ័យលាភី​ទាំងអស់​ត្រូវ​តែ​ខិតខំ​រៀន​សូត្រ​បន្ថែម​ទៀត​ដើម្បី​ថែ​បំប៉ន​ និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនឱ្យបានជាប្រចាំ ទាំងខាងចំណេះដឹង ចំណេះធ្វើ និង​ខាង​សីលធម៌​ សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​ឱ្យ​បាន​ជា​គុណ​ប្រយោជន៍​ដល់ខ្លួនឯងផង ដល់គ្រួសារផង ដល់​សង្គម​ជាតិ​ផ​ង​។ ទន្ទឹមនឹងនោះក្មួយៗទាំងអស់ ត្រូវខិតខំ​កសាង​ឱ្យ​បាន​​សម្រេចនូវសមត្ថភាព៤យ៉ាង ដែលជាមូលដ្ឋានគ្រឹះនៃការសិក្សាគឺ ៖ « ខំរៀន ឱ្យមានចំណេះដឹង រៀន​ឱ្យមានចំណេះធ្វើ រៀនឱ្យមានសីលធម៌ និងរៀនឱ្យចេះរស់នៅជាមួយគ្នាដោយគ្មានរើសអើង និង​គ្មាន​ការបែងចែកអ្វីទាំងអស់»។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍ ពិសេសមេរោគបំលែងថ្មីអូមីក្រុង ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មាន ៣កុំ និង ៣ការពារ។សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២២ នៅសង្កាត់សិត្បូ ទទួលបានការលើកទឹកចិត្តដោយម្នាក់ៗទទួលបាន៖ សិស្សនិទ្ទេសA ថវិកា៤០ម៉ឺនរៀល និទ្ទេសB ថវិកា២៥ម៉ឺនរៀល និទ្ទេសC ថវិកា២០ម៉ឺនរៀល និទ្ទេសD ថវិកា១៥ម៉ឺនរៀល និទ្ទេសE ថវិកា១០ម៉ឺនរៀល និងនិទ្ទេសF ថវិកា៥ម៉ឺនរៀល។

អត្ថបទទាក់ទង