រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ខេត្តកណ្ដាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានចាត់ទុកវិស័យកសិកម្មគឺជាវិស័យដ៏ចម្បង ដែលរាជរដ្ឋាភិបាលបាននឹងកំពុង យកចិត្តទុកដាក់សម្រាប់ជួយលើកំពស់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើនគុណភាពជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស ដោយហេតុថាប្រជាពលរដ្ឋក្នុងខេត្តកណ្តាលប្រមាណ ៥០.៥% ប្រកបរបរកសិកម្ម។ឯកឧត្តមបានលើកឡើងដូច្នេះ នៅសិក្ខាសាលាបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដែលបានរៀបចំដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល។ក្នុងសិក្ខាសាលានេះ ឯកឧត្តម តាំង ម៉េងលាន បានលើកទឹកចិត្ត ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរកសិកម្ម សូមធ្វើការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ដ៏ល្អៗ ដើម្បីដាក់ចេញនូវទិសដៅ និងវិធានការសម្រាប់អនុវត្តឆ្នាំខាងមុខ ដើម្បីប្រមូលផ្តុំនូវគំនិត ទស្សនៈ យោបល់ល្អៗ សំដៅរិះរកចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈមនានាសម្រាប់បង្កើនផលិតភាពពិពិធកម្មកសិកម្ម ឱ្យកាន់តែប្រសើរឡើងថែមទៀត សំដៅធានាបាននូវសន្តិសុខ-សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភជូនប្រជាពលរដ្ឋ ព្រមទាំងជំរុញការនាំចេញ។លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានបញ្ជាក់ថា ការងារបង្កបង្កើនផលក្នុងឆ្នាំ ២០២១កន្លងមកនេះ សម្រាប់ស្រូវប្រាំង មានផ្ទៃដីគ្រោងសរុបចំនួន ៥៥,៤០០ តែបានអនុវត្តបានលើផ្ទៃដី ៥៥,០៤៧ ហិកតា ស្មើនឹង៩៩.៣៦% ទទួលបានបរិមាណផលសរុបចំនួន ២៤០,៤៨៣ តោន។ ចំពោះស្រូវវស្សា មានផ្ទៃដីគ្រោងសរុបចំនួន ៣០,៦០០ តែបានអនុវត្តបានលើផ្ទៃដី ៣៩,៨៩០ ហិកតា ស្មើនឹង១៣០.៣៦% ទទួលបានបរិមាណផលសរុបចំនួន ១៤១,៧៤២ តោន។ លោកបានឱ្យដឹងទៀតថាក្នុងឆ្នាំ ២០២១ ខេត្តកណ្ដាលមាន ២៥ បណ្ដុំអាជីវកម្មមានកសិករចូលរួមចំនួន ១០០០នាក់ ដោយក្នុងនោះ -បណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពមាន ៦បណ្ដុំ -បណ្ដុំអាជីវកម្មមាន់ស្រែមាន ៦បណ្ដុំ -បណ្ដុំអាជីវកម្មត្រីមាន ៣បណ្ដុំ -បណ្ដុំអាជីវកម្មពោតមាន ៧បណ្ដុំ និងបណ្ដុំអាជីវកម្មស្រូវមាន ៣បណ្ដុះ។សូមជម្រាបដែរថា សម្រាប់ទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២២នេះ មន្ទីរកសិកម្មខេត្តកណ្តាល នឹងជំនុញការងារបង្ករបង្កើនផលស្រូវរដូវវស្សា និងរដូវប្រាំងឱ្យអស់លទ្ធភាព -ជំរុញការអនុវត្តកសិកម្មល្អ និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា-ជំរុញប្រជាកសិករប្រើប្រាស់ជីធម្មជាតិ និងថ្នាំផ្សំពីរុក្ខជាតិ -ជំរុញការចិញ្ចឹមសត្វ និងការចាក់ថ្នាំការពារជំងឺឆ្លងសត្វ -ពង្រឹងការងារសហគមន៍ និងបង្កើនមុខរបរសហគមន៍ - បន្តពង្រឹងការថែទាំកូនឈើនៅសល់ក្នុងថ្នាល និងបណ្ដុះកូនឈឺថ្មីៗបន្ថែមទៀត -បន្តការងារបង្ក្រាបបទល្មើសព្រៃឈើសត្វព្រៃក្នុងដែនសមត្ថកិច្ច៕

អត្ថបទទាក់ទង