រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ខេត្តកណ្តាលរៀបចំខួបលើកទី១១១ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមាសភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” !!!

+++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ បានចូលរួមក្នុងពិធី អបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមាសភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច។ ក្នុងពិធីនេះ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា៖ ជាការ​ពិតណាស់ ស្ត្រី និង​បុរស មាន​សក្ដានុពល តាំងពី​កំណើត​មកម្ល៉េះ ប៉ុន្តែ​បុរស ត្រូវបាន​គេ​មើលឃើញថា ខ្លាំងក្លា​ជាង​ស្ត្រី ដោយសារ​បុរស មាន​កម្លាំងកាយ​មាំមួន​ជាង ។ ទោះបីយ៉ាងណា សមត្ថភាព​ប្រាជ្ញា ការគិត ការ​ត្រិះរិះ​ពិចារណា និង​ការរៀនសូត្រ រវាង​សិស្សស្រី និង​សិស្ស​ប្រុស មិនមាន​ភាពខុសគ្នា​ឡើយ។ប្រសិនបើសង្គម មិនអោយតម្លៃ​ស្ត្រី​ទេ សង្គម​នោះពុំ​អាចមាន​ការរីកចម្រើន​ឡើយ ព្រោះ​សកលលោក បាន​ចាត់ទុកថា “​ស្ត្រី​ជា​មាតា​នៃ​ពិភពលោក​” ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្ថែម៖ថា ប្រធានបទ “សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” ដែលត្រូវបានលើកឡើង ក្នុងឆ្នាំនេះ ជាប្រធានបទមួយមានខ្លឹមសារយ៉ាងជ្រាលជ្រៅ ដោយបានបញ្ជាក់អំពីតម្លៃនៃការទទួលបានមកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ដើម្បីបញ្ជាក់អំពីតម្លៃនៃការទទួលបាន នូវសមភាពរវាងស្រ្តីនិងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ផងដែរ។ លោកជំទាវបានបញ្ជាក់ថា ស្ត្រីបានចូលរួមយ៉ាងច្រើននៅគ្រប់សកម្មភាព ក្នុងនោះបានរួមចំណែកធ្វើអោយប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម និងបានលើកកម្ពស់ស្ថានភាពជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌ សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា ហើយបានជំរុញដល់នារីបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញនិងលើកទឹកចិត្តដល់ស្ត្រី​ទាំងអស់ ត្រូវ​ចេះ​គិតគូរ​អំពី​ខ្លួនឯង​ជាមុនសិន ថ្វីត្បិតតែ បញ្ហា​ស្ត្រី គឺជា​បញ្ហា របស់​យើងទាំងអស់គ្នា​ត្រូវ​គិតក៏ដោយ ពីព្រោះថា ស្ត្រី គឺជា​ឆ្អឹងខ្នង នៃ​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដូច្នេះសូមអោយបងប្អូន​ជា​ស្ត្រី​គ្រប់ៗ​រូប ត្រូវ​ពង្រឹងសមត្ថភាព​ការងារ និង​បណ្ដុះបណ្ដាល ជំនាញ​បច្ចេកទេស​បន្ថែមទៀត ដើម្បី មានចំណេះដឹង និង​សមត្ថភាព​ខ្ពង់ខ្ពស់ ហើយ​ទទួល​ឱកាសចូលរួមចំណែក​ក្នុង​សកម្មភាព​នានា ទាំង​ឆាកនយោបាយ និង​ការងារសង្គម។ បន្ទាប់មក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានឡើងអាន​នូវ​សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបលើកទី១១១ជូនដល់អង្គពិធីទាំងមូលផងដែរ៕

អត្ថបទទាក់ទង