រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការងារការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមរដ្ឋបាលក្រុង-ស្រុក

++++++ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានជំរុញដល់រដ្ឋបាលក្រុង-ស្រុក ទាំង១១ ត្រូវរៀបចំផែនការសកម្មភាពជាក់លាក់លើការងារគ្រប់គ្រងសំរាម សំណល់រឹង ត្រូវប្រមូលសំរាមដែលរាយប៉ាយតាមដងផ្លូវ និងប្រភពទឹកសាធារណៈឱ្យអស់ ដោយប្រើប្រាស់យន្តការអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមសហការជាមួយនឹងអាជ្ញាធរ ក្នុងការរៀបចំទុកដាក់សំរាម និងសំណល់រឹងឲ្យបានត្រឹមត្រូវ ត្រូវបញ្ឈប់ឲ្យបានការបោះចោលសំរាមពាសវាលពាសកាលធ្វើតាមសាធារណៈប្រភពទឹក និងតាមដងផ្លូវជាដើម ពីព្រោះថាបញ្ហាសំរាមនេះគឺមានតែយើងទាំងអស់គ្នាចូលរួមសហការគ្នាធ្វើ ទើបធ្វើឲ្យ ការគ្រប់គ្រងសំរាម និងសំណល់រឹងទទួលបានជោគជ័យ។

ឯកឧត្តមបានជម្រុញដូច្នេះនៅក្នុងកិច្ចប្រជុំ គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររដ្ឋបាលក្រុង-ស្រុក លើការគ្រប់គ្រងសំរាម សំណល់រឹង នៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១១ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ជាង ៩០រូប។ ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា បញ្ហាប្រឈមនៃការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមក្រុង-ស្រុក គឺជារឿងដែលស្មុគស្មាញ ដែលទាមទារឲ្យយើងទាំងអស់គ្នាទាំងភាគីប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ចាំបាច់ត្រូវតែសហការគ្នាជាប្រចាំ ក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលសំរាមឲ្យទាន់ពេលវេលា រីឯប្រជាពលរដ្ន ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមប្រភេទសំរាម និងតាមទីតាំងដែលបានកំណត់ ត្រូវបញ្ឈប់ការបោះសំរាមពាសវាលពាសកាល ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ និងឃុំ-សង្កាត់ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាប្រមូលសំរាម និងការរៀបចំយន្តការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមរងខេត្តបានមានប្រសាសន៍បន្តថា ពាក់ព័ន្ធនឹងបញ្ហាការគ្រប់គ្រងសំរាមនិងសំណល់រឹង គណៈកម្មការថ្នាក់ខេត្ត បានខិតខំយ៉ាងខ្លាំងដើម្បីរៀបចំនូវផែនការយុទ្ធសាស្រ្តលើការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងភូមិសាស្រ្តខេត្ត និងបានរៀបចំគោលការណ៍ណែនាំអំពីការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមក្រុង-ស្រុកនីមួយៗ ផងដែរ។ ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តបានសហការជាមួយថ្នាក់ជាតិ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសមាគមន៍មូលដ្ឋាន តាមរយៈការគៀងគរធនធាន ជំនួយបច្ចេកទេស បច្ចេកវិទ្យា ការវិនិយោគ ការចូលរួម និងការគាំទ្រគ្រប់រូបភាព លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ព្រមទាំងបាន ផ្តល់ការអនុញ្ញាត និងទទួលស្គាល់លើការរៀបចំទីលានចាក់សំរាមថ្មី របស់រដ្ឋបាលក្រុង-ស្រុក និងក្រុមហ៊ុនប្រមូលសំរាម ។

ជាងនេះទៅទៀតរដ្ឋបាលខេត្ត បានបង្កើតក្រុមការងារថ្នាក់ខេត្តសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់រដ្ឋបាលក្រុង-ស្រុក និងក្រុមហ៊ុនប្រមូលសំរាម ជាប្រចាំ និងធ្វើសេចក្តីរាយការណ៍ជូន គណៈកម្មការខេត្ត ធ្វើការវាយតម្លៃ និងផ្តល់ប័ណ្ណសរសើរទៅរដ្ឋបាលក្រុង-ស្រុក និងក្រុមហ៊ុនប្រមូលសំរាមដែលមានស្នាដៃក្នុងការអនុវត្តកិច្ចការរបស់ខ្លួន ជារាងរាល់ឆ្នាំ សំដៅជំរុញឱ្យមានយុទ្ធនាការ “សហគមន៍ស្អាត និងបៃតង” ដោយមានការចូលរួមពី យុវជន និងសហគមន៍ប្រជាពលរដ្ឋផ្ទាល់ ដើម្បីបណ្តុះគំនិតលើការស្រឡាញ់ភាពស្អាត និងបៃតងនៅតាមក្រុង-ស្រុក។

អត្ថបទទាក់ទង