រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវកៅស៊ូ AC ពីរជាន់ នៅឃុំថ្មី និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តណ្ដាល

+++++++++ខេត្តកណ្ដាល ៖ ផ្លូវកៅស៊ូ AC ពីរជាន់ ប្រវែង៤,៦៥០ម៉ែត្រ ទទឹង១២ម៉ែត នៅភូមិទន្លា ឃុំថ្មី ភូមិកាប់លាវ ភូមិមាត់បឹង ភូមិជូនវង់ ភូមិត្រពាំងកក់ និងភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្ត និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។

ឯកឧត្ដម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ជួយដល់រដ្ឋបាលខេត្តកណ្តាលជាប្រចាំ ពិសេសនៅ ក្នុងស្រុកកណ្តាលស្ទឹង ដូចជាការជួយអន្តរាគមន៍ ផ្តល់ឡានដឹកពលករវិលត្រឡប់មកពីប្រទេសថៃ ដឹកអ្នកជំងឺ អ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បញ្ជូនពេទ្យជួយព្យាបាល ផ្ដល់កម្លាំង និងអូរប័រ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ជំនន់ទឹកភ្លៀង និងផ្តល់គ្រឿងឧបភោគ បរិភោគជាច្រើនទៀត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា ផ្លូវក្រាលកៅស៊ូ AC ពីរជាន់ ប្រវែង៤,៦៥០ម៉ែត្រ ទទឹង១២ម៉ែត ក្នុងឃុំទ្រា ស្រុកកណ្តាលស្ទឹង នាពេលនេះ គឺជាសមិទ្ធផលបន្ថែមថ្មីមួយទៀតរបស់ឃុំថ្មី និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ហើយផ្លូវនេះគឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយ:វិស័យសេដ្ឋកិច្ច ស្របតាមគោលនយោបាយយុទ្ធសាស្ត ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និង ជីវភាពរស់នៅជូនប្រជាពលរដ្ឋ ។

ឯកឧត្ដមបន្តដោយក្រើនរំលឹកដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះត្រូវគោរពច្បាប់ចរាចរណ៏ និងស្លាកសញ្ញាដែលដាក់តាមផ្លូវចៀសវាងបង្កអោមានគ្រោះថ្នាក់ជាយថាហេតុធ្វើអោយខាតបង់ពេលវេលា ថវិកានឹងអាចប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនទៀតផង ដូច្នេះសូមចូលរួមគោរពច្បាប់ទាំងអស់គ្នាទើបយើងមានសេចក្តីសុខសុវត្ថិភាពទាំងផ្លូវចិត្ត និងអារម្មណ៏។

អត្ថបទទាក់ទង