+++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធនៅស្រុកកោះធំ ស្រុកស្អាង និងស្រុកលើលដែក តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom meeting)ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល។ ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖គោលបំណង ក្នុងកិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យពិភាក្សាទៅលើប្លង់ហេដ្ឋារចនាសម្ព័ន្ធ ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សំដៅធ្វើយ៉ាងណាអោយដំណើរការនៃការរៀបចំកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធនៅស្រុកទាំង៣ខាងលើនេះប្រព្រឹត្តទៅអោយបានលឿនឆាប់រហ័ស ផ្អែកលើសោភណ្ឌភាព លក្ខណៈបច្ចេកទេស និងច្បាប់អាចទទួលយកបាន ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះគឺជាការចូលរួមប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការពិនិត្យពិភាក្សា កែសម្រួល ទៅលើភាពជាក់ស្ដែងដូច្នេះកិច្ចប្រជុំនេះគឺជាការងារសំខាន់ក្នុងការចូលរួមមតិយោបល់ ដោយធ្វើយ៉ាងណាអោយដំណើរការគម្រោងនេះ សម្រេចបានឆាប់រហ័សដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ ពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវច្បាប់ក្នុងដំណើរការអភិវឌ្ឍវឌ្ឍនភាពការរៀបចំកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធនេះ។ ក្នុងកិច្ចន្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្ត បានផ្សព្វផ្សាយបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបទបញ្ជាពាក់ព័ន្ធនឹងការបង្រ្កាបបទល្មើសនេសាទ និង ការគ្រប់គ្រងព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលបានថ្លៃងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងត្រូវពង្រឹងការគ្រប់គ្រង និងការបង្រ្កាបបទល្មើសនេសាទនៅក្នុងភូមិសាស្រ្តខេត្តកណ្តាល អោយមានប្រសិទ្ធភាព៕ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានបន្តថា ស្របពេលដែលប្រទេសយើងបានថមថយនូវជំងឺកូវីដ-១៩ និងបើកទំព័រថ្មី នៃសេដ្ឋកិច្ចលើគ្រប់វិស័យ រដ្ឋបាលខេត្តកណ្តាល ប្រកាសរៀបចំបុណ្យសង្ក្រាន្តក្នុងអំឡុងពេលថ្ងៃចូលឆ្នាំខ្មែរខាងមុខ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញអោយមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អោយបានហ្មត់ចត់បំផុត លើការរៀបចំសណ្តាប់ធ្នាប់ ការធ្វើចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋជាដើមដើម្បីបរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺទាមទារអោយមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះបុគ្គលគំរូបំផុត គឺប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងការផ្សព្វផ្សាយ ព្រមទាំងចូលរួមអនុវត្តផងដែរ។