រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិគ្រោះយោបល់លើសៀវភៅណែនាំស្ដីពីបច្ចេកទេសស៊ើបអង្កេតបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបកិច្ចប្រជុំពិគ្រោះយោបល់លើសៀវភៅណែនាំស្ដីពីបច្ចេកទេសស៊ើបអង្កេតបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តកណ្តាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល និងលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន ទីប្រឹក្សាគម្រោង(DAR/GIZ) នាយករដ្ឋបាលខេត្ត និងក្រុង ស្រុក អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានផ្នែកទាំង២ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានមុខងារ និងធនធានសរុបប្រមាណ៤០រូប។ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធានបានឱ្យដឹងថា សៀវភៅណែនាំស្តីពីការស៊ើបអង្កេតបណ្តឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិសម្រាប់ការិយាល័យប្រជាពលរដ្ឋរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌមានគោលបំណងណែនាំអំពីបច្ចេកទេស និងរបៀបនៃការស៊ើបអង្កេតបណ្តឹងរដ្ឋបាលថ្នាក់ ក្រោមជាតិដើម្បីពង្រឹងប្រសិទ្ធភាពនៃការស៊ើបអង្កេតបណ្តឹងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ លោកបន្តថា សៀវភៅណែនាំស្តីពីការស៊ើបអង្កេតបណ្តឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិសម្រាប់ការិយាល័យប្រជាពលរដ្ឋរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះគឺជាសៀវភៅមួយពន្យល់បន្ថែមពីលើសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តដែលដាក់ឱ្យប្រើដោយសេចក្ដី សម្រេចលេខ៧៦១៩សសរចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ និង សៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌដែលដាក់ឱ្យប្រើដោយសេច ក្តីសម្រេចលេខ៧១៨១សសរចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃកន្លងមក។ទន្ទឹមនឹងនេះដែរ ក្រសួងមហាផ្ទៃ បាន និងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដែលបានផ្ទេរមុខងារជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌដើម្បីផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសលើការស៊ើបអង្កេតបណ្តឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិសម្រាប់ការិយាល័យប្រជាពលរដ្ឋរាជ ធានី ខេត្ត ក្រុង ស្រុក ដើម្បីធានាការផ្តល់ភាពជឿជាក់ ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព និងឆ្លើយតបទាន់ពេលវេលា និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

អត្ថបទទាក់ទង