ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាល ក្រោមអធិបតីភាពលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងលោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ព្រមទាំងលោក មេឃុំ ចាស់ព្រឹទ្ធាចារ្យ ដែលមានទីតាំងនៅវត្តថ្មគរ ។លោក ទៀង កិស្យារៈ អនុប្រធានមន្ទីររៀបចំ ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា៖ ការប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមាន លក្ខណះជាប្រព័ន្ធ ស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដើម្បីបញ្ចៀសការកើតមានទំនាស់ដីធ្លីដើម្បីអោយ កម្មវិធីនេះអនុវត្តទៅសម្រេចបានជោគជ័យបានគឺទាមទារការ ខិតខំប្រឹងប្រែងរបស់ មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ ពិសេសគឺប្រជា ពលរដ្ឋម្ចាស់ដីផ្ទាល់ដែលមានកាតព្វកិច្ចចូលរួមសហការចង្អុល បង្ហាញទីតាំងដីព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារ ពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុតដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យអោយបានគ្រប់គ្រាន់តាមទម្រង់ និងនិតិវិធីដែលបានកំណត់។ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានមានប្រសាសន៍ថា៖ គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ។ ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក កំពុងអនុវត្តហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ។ នេះជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោល នយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះ អោយបានជោគជ័យ៕