ខេត្តកណ្តាល៖រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានប្រារព្ធពីធីបុណ្យចម្រើនអាយុវឌ្ឍនៈមង្គល ៦៨ឈានចូល ៦៩ ព្រះវស្សា សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងជាព្រះគ្រូចៅអធិការវត្តសុវណ្ណវារីហៅវត្តព្រែកតាទែន ដោយមានការអញ្ជើញចូលរួមសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រួមជាមួយមន្រ្តីរាជការរដ្ឋបាលខេត្ត រដ្ឋបាលស្រុកពញាឮ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ ពិធីបុណ្យនេះបានធ្វើឡើងតាមប្រពៃណីទំនៀមទំលាប់ខ្មែរ តាមបែបព្រះពុទ្ធសាសនា ដើម្បីបួងសួងដល់បារមីវត្ថុសក្តិសិទិ្ធ គុណបុណ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដើម្បីសុំសេចក្តីសុខសប្បាយ អាយុយឺនយូរ ប្រគេនដល់ សម្តេចព្រះឧត្តមមុនី ជា សំអាង និងថ្នាក់ដឹកនាំខេត្តព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តផងដែរ។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ តាំងនាមថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការកងកំលាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមថ្លែងនូវអំណរអរគុណយ៉ាងក្រៃលែងចំពោះគុណូបការៈដ៏ច្រើនរបស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល ដែលសម្តេចបានដឹកនាំមន្រ្តីសង្ឃ សីលវន្ត សីវតី ប្រជាពុទ្ធបរិស័ទក្នុងខេត្ត បុណ្យ ធ្វើទាន និងបានចូលរួម អប់រំសីលធម៌ ចរិយាធម៌ គុណធម៌ ក៏ដូចជា សតិអារម្មណ៍ស្នារតី ដល់ ប្រជាពុទ្ធបរិស័ទ តាមបែបព្រះពុទ្ធសាសនា នាំមកនូវសេចក្តីសុខក្នុងផ្លូវចិត្តប្រកបដោយ សន្តិភាព និងការអភិវឌ្ឍន៍។