រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធាន ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារព្រំដែនអន្តរជាតិនៅក្នុងខេត្តកណ្តាល

+++++++++++++++ខេត្តកណ្ដាល៖ ប្រធាន ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារព្រំដែនអន្តរជាតិ នៅក្នុងខេត្តកណ្តាល ចំនួន៤រូប ដែលដល់អាណត្តិការងារ ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ធ្វើពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធាន ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារព្រំដែនអន្តរជាតិថ្មី នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។

ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទាំង០៤ ដែលត្រូវបានប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរួមមាន៖១.លោក ទ្រូ គ្រី បន្តអាណត្តិការងារ ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា រយៈពេល ០២ឆ្នាំបន្តទៀត ។២.លោក ព្រំ ចាន់ធី ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ជំនួសលោក សែ ជុនទ្រី ដល់អាណត្តិការងារ។៣.លោក ខៀវ ចំរុង ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ ជំនួសលោក សុទ្ធ សាវឿន ដល់អាណត្តិការងារ។៤.លោក ឈុន ចាន់រិទ្ធី ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ ជំនួសលោក សំ វ៉ាន់ដា ដល់អាណត្តិការងារ ។មានប្រសាសន៍នាឱកាសនោះឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ការផ្ទេរ និងចូលកាន់មុខតំណែងនៅពេលនេះ គឺឆ្លើយតបយ៉ាងមានប្រសិទ្ធភាពបំផុត ទៅនឹងគោលនយោបាយរបស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ជាពិសេស អាចឱ្យយើងរួមគ្នាបំពេញ បាននូវកិច្ចការ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងខេត្ត ប្រគល់ជូនបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ម្យ៉ាងទៀត វាជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ទីស្នាក់ការត្រួតពិនិត្យច្រក ទ្វារទាំងបួនក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលចាំបាច់ត្រូវមានប្រធាន ដើម្បីដឹកនាំ គ្រប់គ្រង និង ធានានិរន្តរភាពការងារប្រចាំថ្ងៃ ក្នុងការត្រួតពិនិត្យរាល់សកម្មភាពចេញ-ចូល ក្នុងព្រះរាជាណាចក្រកម្ពុជា របស់អ្នកដំណើរ មធ្យោបាយដឹកជញ្ជូន និងទំនិញគ្រប់ប្រភេទ ដើម្បីធានាឱ្យមានសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម នៅតំបន់ព្រំដែន និងក្នុងផ្ទៃប្រទេស ព្រមទាំងកិច្ចការពារសុខុមាលភាព ជូនប្រជាពលរដ្ឋ និងចំណូលថវិការដ្ឋផងដែរ។

ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់ប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ បណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ សូមយកចិត្តទុកដាក់បំពេញការងារឱ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ត្រូវលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានា និងពង្រឹង របៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ របស់មន្ត្រីម្នាក់ៗផ្អែកតាមតួនាទី ភារកិច្ច របស់ខ្លួន និងត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ។ ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមការងារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីសម្រេចបាននូវសមិទ្ធផលនានាជូនអង្គភាព និង ប្រជាពលរដ្ឋ។ ត្រូវចេះធ្វើការសម្របសម្រួលក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយជំនឿទុកចិត្ត ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ព្រំដែនក្នុងការប្រកបអាជីវកម្ម ក៏ដូចជាភ្ញៀវជាតិ និងអន្តរ ជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែន។

អត្ថបទទាក់ទង