++++++++++++++ខេត្តកណ្តាល៖រសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាអភិបាលខេត្តកណ្ដាល បានចាត់តាំងប្រតិភូសាខាដឹកនាំលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះបាក់ស្រុតច្រាំងព្រែកចំនួន ០៥ គ្រួសារ នៅឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។មានប្រសាសន៍នាឱកាសនោះលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ លោកនាយកសាខា បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ហើយសម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។ ជាមួយគ្នានេះផងដែរ លោកនាយកសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំមានការធ្វេសប្រហែស និងចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីគឺ ៖ ៣ការពារ និង៣កុំ ឱ្យបានគ្រប់ៗគ្នា ។អំណោយដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះរួមមានក្នុងនោះ៤គ្រួសាររលំទាំងស្រុង៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធដបធំ១កេស ,កៅស៊ូតង់ចំនួន១,ជែល ១ដប ,ម៉ាស ១ប្រអប់ និងថវិកា ៤០ម៉ឺនរៀល និង១គ្រួសាររងគ្រោះធ្ងន់ធ្ងរទទួលបាន៖២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធដបធំ១កេស ,ជែល ១ដប ,ម៉ាស ១ប្រអប់ និងថវិកា ២០ម៉ឺនរៀល។