+++++++++ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីបុណ្យសង្រ្កាន្ត (សង្ក្រាន្តខេត្តកណ្តាល) អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ និងចុះពិនិត្យទីតាំងជាក់ស្តែង ដែលត្រៀមរៀបចំពិធីបុណ្យសង្រ្កាន្ត នាពេលខាងមុខ។ កិច្ចប្រជុំនេះពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីសង្ក្រាន្ត អភិបាលខេត្តបានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវត្រៀមកម្លាំង ឱ្យបានគ្រប់គ្រាន់ ដាក់តាមចំណុចគោលដៅសំខាន់ៗ ត្រូវត្រៀមខ្លួនជានិច្ចក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសនានាជាយថាហេតុ។ ដោយឡែកសម្រាប់ការធ្វើអនាម័យសំអាតបរិស្ថាន ឯកឧត្តមបានស្នើដល់អាជ្ញាធរពាក់ព័ន្ធត្រូវសហការណ៍គ្នាចាត់ចែង ឱ្យបានល្អ ដោយត្រូវមានផែនការប្រមូលសំរាមច្បាស់លាស់តាមគោដៅ។ ចំពោះការងារស្តង់ពិពណ៍ទំនេញផ្សេងៗឯកឧត្តមអភិបាលខេត្តបានស្នើឱ្យត្រួតពិនិត្យចំនួនស្តង់តាមផែនការ ត្រូវរៀបចំដាក់ស្តង់ពិពណ៍ទំនិញតាមគោលដៅដែលបានកំណត់ ត្រូវមានសណ្ដាប់ធ្នាប់រៀបរយល្អ ។ សូមបញ្ជាក់ថា នៅពេលខាងមុខនេះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងរៀបចំពិធីសង្ក្រាន្ដឆ្នាំថ្មីក្រោមប្រធានបទ ''រួមគ្នាអភិវធឌ្ឍន៍ក្រោមម្លម់សន្តិភាព'' ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នាថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២។