ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអតិបតីភាពក្នុង កិច្ចប្រជុំការបែងចែកភារកិច្ចរបស់អនុគណៈកម្មការរៀបចំសិល្បៈវប្បធម៌និងកិច្ចការសាសនា ក្នុងការរៀបចំពិធីបុណ្យសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា គណៈកម្មការនេះ មានភារកិច្ចទទួលខុសត្រូវរួមលើដំណើរការដឹកនាំ ចាត់ចែង ត្រួតពិនិត្យនិងសហការរៀបចំពិធីសង្ក្រាន្តឆ្នាំ២០២២ នៅក្រុងតាខ្មៅ ខេត្តកណ្តាល និង ឃោសនាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិធីបុណ្យ ទាំងមុនពេល និងក្នុងពេលប្រារព្ធពិធីបុណ្យ តាម គ្រប់រូបភាព ដោយមានការ តុបតែង លាបថ្នាំកែលម្អ ដោតទង់ជាតិ មុខផ្ទះ តាមដងផ្លូវនិងសម្អាតអនាម័យដើម្បីអបអរសាទរពិធីបុណ្យសង្ក្រាន្ត ឆ្នាំ២០២២ និងរៀបចំសួនកំសាន្ត ថតរូប និងការសម្តែងសិល្បៈទស្សនីយភាព រយៈពេល៣យប់នៃថ្ងៃពិធីបុណ្យសង្ក្រាន្ត ព្រមទាំងសហការរៀបចំការលេងល្បែងប្រជាប្រិយផ្សេងៗ។ លោកជំទាវ ក៏បានស្នើដល់គណៈដែលពាក់ព័ន្ធ ឱ្យជូនដំណឹងដល់ប្រជាពលរដ្ឋ អ្នកលក់ដូរ តាមដងផ្លូវចូលរួមថែរក្សា អនាម័យ បរិស្ថាន កែលម្អ សោភ័ណភាព លាបរបងផ្ទះ វត្តអារាម សាលារៀន ជុំវិញទីតាំងប្រារព្ធពិធី ។រៀបចំកែលម្អសួនច្បារ បង្គន់អនាម័យចល័ត និងបំផុសស្មារតីពលរដ្ឋឲ្យចូលរួមសម្អាតអនាម័យ បរិស្ថាន ជាប្រចាំ ពិសេសមុនពេលពិធី។ គួរបញ្ជាក់ថា ក្នុងពិធីអបអរសាទរពិធីបុណ្យសង្ក្រាន្ត ឆ្នាំ២០២២ រយៈពេល០៣ថ្ងៃ នេះរដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំសង្រ្កានខេត្តកណ្ដាលនៅក្រុងតាខ្មៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ក្នុងកម្មវិធីសង្ក្រាន្តនេះដែរ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួង និងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ។ ពិធីកម្សាន្តសប្បាយរួមមាន៖ កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត ស្តេចចង់ ជាដើម ។ កម្មវិធីកីឡា មានការប្រកួតកីទ្បាជាច្រើនប្រភេទ រីឯក្នុងពេលរាត្រី មានកម្មវិធីសម្តែងសិល្បៈ រាំស្គរដី ការប្រគុំតន្ត្រីសម័យដោយមានការចូលរួមពីតារាល្បី អមជាមួយនិង ការបណ្តែតប្រទីបលើផ្ទៃទឹក បង្ហោះគោមលើអាកាស បាញ់កាំជ្រួច សួនថតរូបអនុស្សាវរីយ៍មានជាច្រើនទំរង់ ព្រមទាំងមានស្តង់លក់ផលិតក្នុងស្រុកជាច្រើនផងដែរ ។