អភិបាលរងខេត្តកណ្តាលឯកឧត្តម ប្រាក់ សារ៉ាត នៅថ្ងៃទី ១៥ ខែមេសានេះ ដែលត្រូវជាថ្ងៃទី២នៃកម្មវិធីសង្រ្កាន្តខេត្តកណ្តាល បានអញ្ជើញចូលរួមផ្តល់ពានរង្វាន់ដល់កីឡាករ កីឡាការនីដែលបានចូលរួមកម្មវិធីរត់ប្រណាំងដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ក្នុងព្រឹត្តការណ៍សង្រ្កាន្តខេត្តកណ្តាលឆ្នាំ២០២២នេះ។ ថ្លែងក្នុងកម្មវិធីរត់ប្រណាំងនេះឯកឧត្តម ប្រាក់ សារ៉ាត បានសម្តែងការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងកីឡាករ កីឡាការនី ដែលបានចូលកម្សាន្តសប្បាយក្នុងកម្មវិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាលនៅពេលនេះ ដែលតាមរយះសកម្មភាពទាំងអស់នេះ បានធ្វើសង្រ្កាន្តខេត្តកណ្តាលឆ្នាំនេះកាន់តែមានភាពអធិអធមខ្លាំងឡើង ខណៈរយះ2កន្លងទៅហើយ ដែលខេត្តកណ្តាល និងបណ្តាខេត្តដទៃទៀតទូទាំងប្រទេសបានខកខានប្រារព្ធពិធីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរទ្រង់ទ្រាយធំបែននេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ។ ឯកឧត្តមក៏សង្ឃឹមដែរថា តាមរយះព្រឹត្តការណ៍សង្ក្រាន្តខេត្តកណ្តាលឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវអន្តរជាតិ និងអ្នកវិនិយោគផងដែរនឹងបានឃើញពីសក្តានុពល និងភាពរីកចំរើនឥតឈប់ឈរក្នុងទឹកដីខេត្តកណ្តាលទាំងមូលក៏ដូចជាក្រុងតាខ្មៅក្រោមម្លប់សន្តិភាពបច្ចុប្បន្ននៃការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។ គួរបញ្ជាក់អោយដឹងដែរថា កម្មវិធីរត់ប្រណាំងដើម្បីអបអរសាទរព្រឹត្តការណ៍សង្ក្រាន្តខេត្តកណ្តាលនេះមានកីឡាករ កីឡាការនី និងចូលរួមជាច្រើន ដោយចែកចេញជា២ទំរង គឺទី១ ការរត់ប្រណាំងនារីចំងាយ ៣គីឡូម៉ែត្រ និងទី២ ការរត់ប្រណាំងបុរសចំងាយ ៥គីឡូម៉ែត្រ ដោយអ្នកបានជ័យលាភីពីលេខ១ដល់លេខ៣ ទទួលបានពានរង្វាន់ម្នាក់មួយ បូករួមទាំងថវិកា និងភេសជៈមួយចំនួន ។