រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញ ប្រកាស់តែងតាំង លោក សោម ផល្លា អភិបាលរងស្រុកមុខកំពូល ជាអភិបាលស្រុក ជំនួសលោក ឆាយ សុណា ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងជាអភិបាលរងស្រុកលើកដែក និងលោក ហុង គីរី ជាអភិបាលរងស្រុកមុខកំពូល ខេត្តកណ្ដាល ជំនួសលោក រ៉េន សុវន្នី ដែលត្រូវបានផ្ទេរចេញ។ លោក យី យ៉េន អភិបាលស្រុកមុខកំពូល ខេត្តកណ្ដាល បានឱ្យដឹងថាលោក ឆាយ សុណា អភិបាលរងស្រុក បានបម្រើការងារចំនួន២អាណត្តិ រយៈពេល ៨ឆ្នាំ ត្រូវបានបញ្ចប់បេសកកម្មក្នុងស្រុកមុខកំពូល និងលោក រ៉េន សុវន្នី អភិបាលរងស្រុកមុខកំពូល បានបម្រើការងារចំនួន ១អាណត្តិ រយៈពេល ៤ឆ្នាំ ជាអភិបាលរងស្រុក ដែលត្រូវបានផ្ទេរចេញ ។ លោកបន្តថា រាជរដ្ឋាភិបាលបានផ្តល់សេចក្តីទុកចិត្តតែងតាំង លោក សោម ផល្លា ជាអភិបាលរង ស្រុកមុខកំពូល ជំនួសលោក ឆាយ សុណា ដែលរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារជាអភិបាលរង ស្រុកលើកដែក និងលោក ហុង គីរី ជាអភិបាលរងស្រុកមុខកំពូល ជំនួសលោក រ៉េន សុវន្នី ដែលត្រូវផ្ទេរចេញ ។ ឯកឧត្តម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់អភិបាលរងស្រុកថ្មីទាំងពីរ ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។ បន្ថែមពីនេះអភិបាលរងស្រុកថ្មីទាំងពីរត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ ឯកឧត្តម អភិបាលរងខេត្តកណ្ដាល បានបន្តថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ និង រាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំងលោក លោក សោម ផល្លា និង លោក ហុង គីរី ជាអភិបាលរងស្រុកមុខកំពូល។ ដើម្បីធ្វើឱ្យស្រុកមុខកំពូល មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ។ ឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈ អភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកមុខកំពូល ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ន រដ្ឋសភា ដោយបានជំរុញការអភិវឌ្ឍស្រុកមុខកំពូល ឲ្យសម្រេចបានសមិទ្ធផល និងមានការរីក ចម្រើនលើគ្រប់វិស័យ។

អត្ថបទទាក់ទង