រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ការជួបសម្ដែងការគួរសម និងធើ្វបទបង្ហាញកម្មវិធីការសិក្សាតាម Online App E-School Cambodia ជូនរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក ឈន ឈុនឡេង ស្ថាបនិកក្រុមហ៊ុន Online App E-School Cambodia បានអញ្ជើញជួបសម្ដែងការគួរសម និងធើ្វបទបង្ហាញកម្មវិធីការសិក្សាតាម Online App E-School Cambodia ជូនឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល ។ ក្នុងឱកាសជួបសម្ដែងការគួរសមនេះដែរ លោក ឈន ឈុនឡេង ស្ថាបនិកក្រុមហ៊ុន Online App E-School Cambodia បានបញ្ជាក់ពីគោលបំណង និងសារៈសំខាន់ នៃApp E-School Cambodia គឺផ្ដោតទៅលើការសិក្សាបន្ថែម ក្រៅពីការសិក្សាតាមគ្រឹះស្ថានអប់រំនានា ក្នុងការបង្កើតនូវចំណេះដឹង រួមនឹងមេរៀនសំខាន់ៗ សម្រាប់សិស្សានុសិស្សដែលត្រូវប្រឡងគ្រប់គំរិត ។ លោក ឈន ឈុនឡេង បានបន្តថា App E-School Cambodia បានបង្កើតឡើងចាប់ពីឆ្នាំ២០១៩ មករហូតមកដល់ពេលបច្ចុប្បន្ននេះហើយចំពោះសិស្សានុសិស្សក្នុងទូទាំងខេត្តកណ្ដាល ដែលបានសិក្សាតាម App E-School Cambodia មានចំនួន ១១៧២៨នាក់ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បានស្នើដល់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ត្រូវសហការ និងចូលរួមគ្រប់សកម្មភាពផ្សព្វផ្សាយនានា ជាមួយនឹងក្រុមហ៊ុន E-School Cambodia ដើម្បីធើ្វអោយវិស័យអប់រំមានភាពល្អប្រសើរ និងរីកចំរើន ងាយស្រួលដល់សិស្សានុសិស្ស ទទួលបាននូវមេរៀនល្អ និងចំណេះដឹងថ្មីៗ សម្រាប់ការសិក្សា និងការប្រឡងនានា គ្រប់កំរិត ជាពិសេស ឳពុកម្ដាយ ឬ អាណាព្យាបាលរបស់សិស្ស អាចពិនិត្យ និងតាមដាន លទ្ធផលការសិក្សារបស់កូនៗ បានផងដែរ ។

អត្ថបទទាក់ទង