ខេត្តកណ្តាល៖ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា គោលបំណងនៅក្នុងសិក្ខាសាលានេះគឺ ដើម្បីផ្តល់ឱកាសដល់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស នៅក្នុងខេត្តកណ្តាល បានយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានាដែលជាគន្លឹះជំរុញឱ្យការធ្វើអាជីវកម្មមានភាពរឹងមាំ បង្កើតបរិយាកាស អាជីវកម្មប្រកបដោយការប្រកួតប្រជែង និងមានភាពស្មោះត្រង់។ឯកឧត្តមបានមានប្រសាសន៍ដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពីការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដោយបានការអញ្ជើញជាអគណៈអធិបតីពី ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធ ម្នាស់អាជីវកម្ម និងអាជីវករ ក្រុមហ៊ុន សហគ្រាសក្នុងខេត្តជាង ២០០នាក់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលាខេត្តកណ្តាល។ឯកឧត្តម ម៉ៅ ថូរ៉ា បានមានប្រសាសន៍បន្តថា សិក្ខាសាលានាថ្ងៃនេះ គឺផ្ដោតសំខាន់ទៅលើច្បាប់ចំនួន៤ រួមមាន៖ ១. ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ២. ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ៣. ច្បាប់ស្តីពីការប្រកួតប្រជែង៤. ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដែលតំរូវឱ្យ ប្រជាពលរដ្ឋ ពិសេសគឺគ្រប់អាជីវករ ពាណិជ្ជករ ត្រូវតែមានការយល់ដឹងអំពីច្បាប់ទាំងអស់នេះ ដើម្បីធ្វើឱ្យអាជីវកម្មខ្លួនមានការរីកចម្រើន និងមិនជួបបញ្ហាប្រឈម។ថ្លែងនៅក្នុងសិក្ខាសាលានេះដែរ ឯកឧត្ដម នុត ពុធដារ៉ា លើកទឹកចិត្តដល់ សិក្ខាកាមទាំងអស់ ពិសេសម្នាស់អាជីវកម្ម និងអាជីវករ សូមចូលរួមផ្សព្វផ្សាយ និងគោរពច្បាប់ទាំង៤ខាងលើ ដែលបានចែងដោយរាជរដ្ឋាភិបាលយើង ដើម្បីបង្កើនប្រសិទ្ធភាព និងបរិយាកាស អាជីវកម្ម និងពាណិជ្ជកម្មរបស់ប្រទេសយើងឱ្យកាន់តែមានភាពល្អប្រសើរឡើង ដោយចាប់ផ្តើមពីយើងម្នាក់ៗ សំដៅលើកស្ទួយសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលជាតិ ធ្វើឱ្យប្រទេសជាតិកាន់តែមាន វឌ្ឍនភាពទៅមុខជានិច្ច។ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានសំណូមពរ ដល់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ សូមជួយបង្កើននូវការផ្សព្វផ្សាយច្បាប់ទាំងនេះឱ្យបានកាន់តែទូលំទូលាយ ដល់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុនផលិត សហគ្រាសផលិត និងអ្នកពាក់ព័ន្ធនានាឱ្យបានជ្រាបបន្តទៀត ដើម្បីជំរុញឱ្យ ការអនុវត្តច្បាប់កាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកប្រើប្រាស់ផលិតផល និងសេវាទទួលបានគុណភាព មានសមភាពក្នុងការប្រកួតប្រជែង ជាពិសេស សូមចុះពិនិត្យគុណភាពផលិតផលទំនិញ នៅតាមទីផ្សារឱ្យបានច្រើន ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានសុខសុវត្ថិភាពពេលទិញទំនិញទៅប្រើប្រាស់។