រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាល និងផ្ដល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋរស់នៅសំណង់បណ្ដោះអាសន្នទំនប់៩២ ៩៤ និងប្រឡាយ៥៤ ក្នុងគម្រោងស្ថាបនាអាកាយាន្តដ្ឋានអន្តរជាតិតេជោតាខ្មៅ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅសំណង់បណ្ដោះអាសន្នទំនប់៩២ ៩៤ និងប្រឡាយ៥៤ ក្នុងគម្រោងស្ថាបនាអាកាយាន្តដ្ឋានអន្តរជាតិតេជោតាខ្មៅ ចំនួន១៥៦គ្រួសារ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រោមគណៈអធិបតី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងជាប្រធានក្រុម ការងារគាំទ្រដល់ការងាររៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមាន ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ដែល មានផ្ទៃក្រឡាត្រឹមតែ ៤០០ហិកតា និងអាចទទួលអ្នកដំណើរបានត្រឹមប្រមាណ៥លាននាក់។ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសភូមិសាស្ត្រខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ ដើម្បីធ្វើការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅលំដាប់4F ដែលមានទំហំសរុប ២៦០០ហិកតា។

ឯកឧត្តម បន្តថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅលើទំនប់៩២ ៩៤ និងប្រឡាយ៥៤ ចំនួន ១៧១ គ្រួសារ ហើយឱ្យរាជរដ្ឋាភិបាលបានសម្រេចផ្ដល់លំនៅដ្ឋានជូនពួកគាត់ ទាំង១៧១ គ្រួសារ ដោយបានសាងសង់រួចរាល់ និងបានប្រគល់ជូនពួកគាត់ស្នាក់នៅ រហូតឈានដល់ការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូនពួកគាត់នាថ្ងៃនេះផងដែរ។មានប្រសាសន៍នាកាស ផ្ដល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងនូវអំណរសាទរចំពោះប្រជាពលរដ្ឋ ទាំងអស់ដែលទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនៅពេលនេះ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ការផ្ដល់លំនៅឋាន នឹងឈានដល់ការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅពេលនេះ គឺសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង និងនៅកៀកជិតប្រជាពលរដ្ឋដោយមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវបន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ឱ្យបានជាប់ជាប្រចាំ និងបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅ ចាក់វ៉ាក់សាំងដូសជម្រុញ ឬដួសទី៣ និងដូសទី៤ តាមកាលកំណត់ ។

បន្តជំរុញបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បីបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា៖ សកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង ជាប់ជាប្រចាំនៅមូលដ្ឋានដូចភ្លៀងរលឹម។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រម ទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទទាក់ទង