ខេត្តកណ្ដាល៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល អំពាវនាវដល់គណបក្សនយោបាយទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការធ្វើសកម្មភាពឃោសនារបស់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់អ្នកគាំទ្ររបស់ខ្លួនឱ្យបានដឹង នូវទីតាំងមួយចំនួនដែលរដ្ឋបាលខេត្តបានហាមឃាត់មិនឱ្យធ្វើការឃោសនា។នេះជាកាំពាវនាវរបស់លោក ផាន់ ឫទ្ធិពល ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល ក្នុងកិច្ចប្រជុំស្ដីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល។លោក ផាន់ ឫទ្ធិពល ប្រធាន លគ.ខប បន្តថា៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្ដីពីទីតាំងមួយចំនួនដែលត្រូវបានហាមឃាត់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះសូមគណបក្សនយោបាយទាំងអស់ ត្រូវបន្តផ្សព្វផ្សាយជូនដល់អ្នកគាំទ្ររបស់ខ្លួន និងត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងនេះផងដែរ។លោកបន្ថែមថា៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត តែងតែសម្របសម្រួលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោត ការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូនទទួលបានលទ្ធផលល្អប្រសើរ។ ហើយយើងក៏មិនចង់ឃើញពាក្យបណ្ដឹងណាមួយកើតឡើងនៅក្នុងខេត្តកណ្ដាលឡើយ។ ហើយក្នុងរយៈពេល០៩ ថ្ងៃគិតត្រឹមថ្ងៃទី២៩ ខែឧសភានេះ ខេត្តកណ្ដាលទទួលបានលទ្ធផលល្អ ដោយមិនមានពាក្យបណ្ដឹងឡើយ នេះកើតចេញពីការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។ឯកឧត្តម ណុប តារា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការកោតសរសើរដល់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដែលបានសម្របសម្រួល និងផ្ដល់កិច្ចសហការល្អ ក្នុងការឃោសនា នារយៈពេលកន្លងមក ធ្វើឱ្យសកម្មភាពឃោសនា របស់គណបក្សនីមួយៗ ធ្វើទៅបានតាមលទ្ធភាពរៀងៗខ្លួន ស្របតាមកម្មវិធីដែលបានកំណត់ក្នុងបរិយាកាសមាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងខេត្តកណ្តាល នឹង ចូលរួមអនុវត្ថុឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ការសម្របសម្រួល របស់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ កងកម្លាំង ដើម្បីបង្ការអំពើហិង្សា ដែល អាចកើតឡើងជាយថាហេតុ។លោក គឹម ហុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានឱ្យដឹងផងដែរថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តកណ្ដាល អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៧៧៥,៨០៤នាក់ បានចេញឯ.អជូនអ្ននដែលគ្មាន អ.ខ ឬខូច ឬបាត់ បានចំនួន ១៥,៦៨៤នាក់។ មានការិយាល័យបោះឆ្នោតសរុបចំនួន ១,៧៤៥ ការិយាល័យ និងមានស្ថានីយបោះឆ្នោតសរុបចំនួន ៥៦១កន្លែង។