រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រារព្ធខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០២២ ពិធីក្រោមប្រធានបទ កុមារចូលរួមប្រយុទ្ធប្រឆាំងការឆ្លងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុង ពិធីអបអរសាទរខួបលើកទី៧៣ ទិវាកុមារ ០១ មិថុនា ក្រោមប្រធានបទ កុមារចូលរួមប្រយុទ្ធប្រឆាំងការឆ្លងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមដោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល កងកម្លាំងទាំងបី នៅសាលប្រជុំមជ្ឈមណ្ឌល គរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល ។ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានលើកឡើងថា ទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបាន ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តំាងពីក្រោយ ថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ គឺដើម្បីរំលឹកដល់ការអនុវត្តនៅសិទ្ធិជាមូលដ្ឋានរបស់កុមារ ជាពិសេសនោះ ក្នុងគោលបំណងបញ្ឈប់ការប្រើប្រាស់ពលកម្មកុមារនៅតាម សហគ្រាស គ្រឹះស្ថាននានា វិស័យនេសាទសមុទ្រ និងស្រែអំបិលជាដើម។ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា ប្រទេសកម្ពុជា បានឆ្លងកាត់ មហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្ករឡើង ដោយរបបប្រល័យពូជសាសន៍ ប៉ុលពតបានកាប់សម្លាប់ប្រជាជនកុមារ រាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីស្ទើរគ្មានសល់។ ឯកឧត្ដមបន្តថាបច្ចុប្បន្នរាជរដ្ឋាភិបាលបានខិតខំកសាងប្រទេសជាតិឡើងវិញធ្វើឲ្យប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព សន្តិភាព ជាពិសេសសិទ្ធិកុមារកម្ពុជាត្រូវបានលើកកម្ពស់។ កុមារដែលបានចុះឈ្មោះ ចូលរៀនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ថែមទំាងទទួលបានសិទ្ធិជាមូលដ្ឋាន ទំាងបួនរបស់កុមារ ដែលមានសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម ។ ឯកឧត្តម បានបន្តទៀតថា កន្លងមកមានការរីករាលដាលនៃជំងឺកូវីដ១៩ ពេញពិភពលោក ដែលធ្វើឲ្យការសិក្សារបស់កុមារទាំងអស់ត្រូវបានផ្អាក និងប្តូរមកសិក្សាតាមប្រព័ន្ធអនឡាញវិញ ទោះយ៉ាងនេះក្តីការសិក្សាតាមប្រព័ន្ធអនឡាញកុមារមិនអាចទទួលបាននៅចំណេះដឹងពេញលេញនោះទេ។ តែនៅចុងឆ្នាំ២០២១នេះ សាលារៀនអាចដំណើរការឡើងវិញ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ទាំងអស់នេះ គឺបង្ហាញអំពើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើកុមារនៅកម្ពុជា ព្រោះកុមារគឺជាទំពាំងល្អដែលកំពុងពេញក្រេបយកនូវជីវជាតិ ហេតុដូច្នេះ យើងត្រូវតែនាំគ្នាជំនះតស៊ូរាល់ឧបសគ្គគ្រប់បែបយ៉ាងដើម្បីជំរុញកុមារអោយក្លាយទៅជាឬស្សីដ៏រឹកមាំក្នុងសង្គម។ ឯកឧត្ដម ក៏បានអំពាវនាវចំពោះអាជ្ញាធរដែនដីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាមាតាបិតា អាណាព្យាបាលសិស្ស សូមចូលរួម សហការឱ្យបានល្អប្រសើរជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីរួមចំណែកថែទាំកុមារឱ្យក្លាយជាពលរដ្ឋល្អមានសមត្ថភាព យ៉ាងពេញលេញក្នុងការបន្តវេនកសាងមាតុភូមិកម្ពុជាដ៏រុងរឿងរបស់យើង និងសម្រេចឱ្យបាននូវគោលដៅនៃការ អប់រំប្រកបដោយបរិយាប័ន្ន ដើម្បីការអប់រំរក្សាបាននូវគុណភាពសម្រាប់កុមារកម្ពុជាយើង។

អត្ថបទទាក់ទង