រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣ឃុំ ក្នុងស្រុកពញាឮ ទទួលបានអំណោយពីសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា និងអជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ដែលបានធ្វើឱ្យមានការខូចខាតផ្ទះសម្បែង ប្រជាពលរដ្ឋ រស់នៅក្នុងឃុំភ្នំបាត ឃុំផ្សារដែក និងឃុំជ្រៃលាស់ ស្រុកពញាឮចំនួន២៧ខ្នងផ្ទះដោយក្នុងនោះផ្ទះរងការខូចខាតធ្ងន់ធ្ងរមានចំនួន ៥ខ្នង និងខូចខាត់ស្រាលមានចំនួន ១៩ខ្នងផ្ទះ។ ក្នុងឱកាសនោះលោកនាយកសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងបានសម្តែងការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងដែលបង្ករដោយគ្រោះធម្មជាតិនាពេលនេះ។ លោកនាយកសាខាបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូនក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ក្នុងឱកាសនោះ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំងក្រុមការងារដែលបាននាំយកថវិកា និងសម្ភារៈមកប្រគល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ បញ្ជាក់ឱ្យឃើញអំពីទឹកចិត្តសប្បុរសធម៌ និងសូមគោរពជូនពរ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រកបដោយសុខភាពល្អ និងសម្រេចរាល់ភារកិច្ចជូនជាតិ និងប្រជាជនជារៀងរហូត។ លោកអភិបាលស្រុកក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលគ្រប់អាយុត្រូវចូលរួមបោះឆ្នោតឃុំ-សង្កាត់អោយបានគ្រប់ៗគ្នាដើម្បីបំពេញកាត្វកិច្ចជាពលរដ្ឋល្អក្នុងសង្គម។ សូមបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២៧គ្រួសារ នាពេលនេះគឺ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥kg មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១កេស ជែល០១ដប ម៉ាស០១ប្រអប់ និងគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល។ និងគ្រួសាររងគ្រោះដោយអន្លើចំនួន១៩គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង