រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រមណីយដ្ឋានភ្នំស្អាងភ្នំនាពេលខាងមុខនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកកម្សាន្ដសប្បាយតាមបែបធម្មជាតិ

រមណីយដ្ឋានភ្នំស្អាងភ្នំនាពេលខាងមុខនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកកម្សាន្ដសប្បាយតាមបែបធម្មជាតិ បន្ទាប់ពីមានការរៀបចំកែលម្អឡើងវិញទាំងផ្នែកសុភ័ណភាព និងបរិយាកាសល្អតាមបែបធម្មជាតិរួចមកនេះជាការលើកឡើងរបស់ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើ និងលែងកូនតី្រ នៅតំបន់រមណីយដ្ឋានភ្នំស្អាងភ្នំ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ។លោក ញឹម វណ្ណឌិន បន្តថា រដ្ឋបាលស្រុកស្អាង បាននឹងកំពុងរៀបចំកែប្រែនូវសោភ័ណភាព នៅជុំវិញបរិវេណរមណីយដ្ឋានភ្នំស្អាងភ្នំ ដោយបានដាំកូនឈើនៅបរិវេណស្រះមុខភ្នំស្អាង បានរៀបចំកន្លែងសម្រាប់បងប្អូនអាជីវករលក់ដូរយ៉ាងសមរម្យនៅទីនោះ មានរៀបចំកន្លែងអង្គុយលេងកម្សាន្ត តាមបែបធម្មជាតិ ហើយនាពេលខាងមុខនឹងមានការរៀបចំសួនច្បារសម្រាប់ទស្សនាកម្សាន្តផងដែរ។លោកអភិបាលស្រុកស្អាង ក៏បានបន្ថែមទៀតផងដែរថា បន្ទាប់ពីធ្វើការកែលម្អនូវសោភ័ណភាព នៅជុំវិញបរិវេណរមណីយដ្ឋានភ្នំស្អាងភ្នំនេះរួចហើយ ទីនេះនឹងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកលេងកម្សាន្តសប្បាយ នាថ្ងៃឈប់សម្រាកដោយភាពសប្បាយរីករាយ។ នៅក្នុងពិធីដាំកូនឈើ និងលែងកូនត្រីនេះ រដ្ឋបាលស្រុកស្អាង បានដាំដើមរាំងចំនួន៥០០ដើមនៅបរិវេណស្រះទឹកមុខរមណីយដ្ឋានភ្នំស្អាងភ្នំ បន្តដាំដើមឈើប្រភេទផ្សេងៗទៀត ចំនួន១ម៉ឺនដើមបន្ថែមទៀត តាមការណែនាំរបស់រដ្ឋបាលខេត្តកណ្ដាល និងធ្វើការលែងកូនត្រីចូលក្នុងស្រះទឹក ចំនួន១ម៉ឺន កូនត្រីផងដែរ។

អត្ថបទទាក់ទង