រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីក្នុងភូមិកោះប្រាក់, ភូមិភូមិធំ, ភូមិរទាំង, ភូមិកោះប្រាក់ចាស់, និងភូមិរទាំងត្បូង, ឃុំភូមិធំ សូមចូលរួមសហការជាមួយក្រុមការងារចុះវាស់វែងដីធ្លី ដោយត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ និងត្រូវផ្ដល់ឯកសារពាក់ព័ន្ធ ដើម្បីមានភាពងាយស្រួល និងឆាប់រហ័សដល់ក្រុមការងារចុះបញ្ជីដី។ នេះជាការអំពាវនាវរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធចំនួន៥ភូមិ ក្នុងស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងបរិវេណវត្តកៀនស្វាយក្រៅ។ លោក ព្រំ ឆាត បានបន្តថា៖ ការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការពន្លឿនដល់ការឈ្មោះជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់សព្វគ្រប់ ដើម្បីឈានដល់ការចេញប័ណ្ណស្របច្បាប់ជូនពួកគាត់បានយ៉ាងឆាប់រហ័ស។ លោកអនុប្រធានមន្ទីរ បន្ថែមថា ឯកសារពាក់ព័ន្ធដែលត្រូវត្រៀមរួមមាន៖ លិខិតទិញលក់ សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗជាដើម។ លោកអនុប្រធានមន្ទីរ បន្ថែមទៀតថា៖ ការចុះបញ្ជី​ដីធ្លី​នេះ​គឺ ត្រូវ​ចុះបញ្ជី​ទាំង​ដីឯកជន ទាំង​ដី​រដ្ឋ ដែល​អនុវត្ត​ទៅតាម​នីតិវិធី និង​បច្ចេកវិទ្យា​ទំនើប មាន​តម្លាភាព និង​ការ​ទទួលខុសត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោកកំពុង​អនុវត្ត ហើយ​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លីនេះ​ជា​ប្រការ​សមស្រប​បំផុត ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ទំនាស់​ដីធ្លី​នៅក្នុង​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ ។ ហើយក្រោយពី​ការចុះបញ្ជី​ដីធ្លី​នេះ​រួច ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ក្បាលដី អ្នកកាន់កាប់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ហើយ​តាមរយៈ នៃ​ប័ណ្ណកម្មសិទ្ធិ​នេះ​បងប្អូន​ប្រជាពលរដ្ឋ និង​ក្លាយជា​ម្ចាស់​ដី​ពិតប្រាកដ មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​កាន់កាប់​ប្រើប្រាស់អាស្រ័យ​ផល និង​ចាត់ចែងមិន​ត្រឹមតែ​ប៉ុណ្ណោះ​ប​ណ្ណ័​កម្មសិទ្ធិ​នេះ គឺជា​ឯកសារ​គតិយុត្ត​សំរាប់​ជា​សំអាងនៅពេល​មាន​ជំលោះ​កើតឡើងបញ្ជាក់ថា​ខ្លួន​ជា​ម្ចាស់​ដីធ្លី​ពិតប្រាកដ​។ លោកអនុប្រធានមន្ទីរ ក៏បានឱ្យដឹងផងដែរថា ក្រុង-ស្រុកទាំង ១១ ទូទាំងខេត្តកណ្ដាល មានក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ត្រូវបានបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចហើយ នៅសល់ស្រុកចំនួន ៩ទៀតកំពុងបន្តនីតិវិធីក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះផងដែរ។

អត្ថបទទាក់ទង