ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកលិច ដែលការជន់លិចនេះបណ្ដាលមកពីទឹកភ្លៀង និងដីដែល កកក្នុងប្រព័ន្ធលូ ទើបបង្ករអោយស្ទះ ស្ថិតក្នុងភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ក្រោយពីបានកាយប្រឡាយរំដោះទឹកជំហានទី០១ ។ ក្នុងការចុះពិនិត្យស្ថានភាពជន់លិចនេះ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអោយដឹងថាក្រោយពីបានកាយប្រឡាយរំដោះទឹកជំហានទី០១ រួចមក ទឹកបានស្រកប្រហែល៦០%ហើយ ឯកឧត្ដម ក៏បានអោយដឹងទៀតថាការស្ទះប្រព័ន្ធលូនេះបណ្ដាលមកពីដីបានហូចូលក្នុងលូទើបធ្វើអោយលូស្ទះ និងប្រព័ន្ធលូមានសភាពតូច ទើបធ្វើការរំដោះទឹកមិនទាន់ពេលវេលា ទើបធ្វើអោយលិចផ្លូវក្នុងភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បែបនេះ។