រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាស្ដីពី សិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានាដែលពាក់ព័ន្ធនិងកិច្ចការពារកុមារចំណាកស្រុកដោយសុវត្ថិភាព និងការជួញដូរមនុស្ស ខេត្តកណ្ដាល

++++++++ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ និងលោកជំទាវ នួន នារតី សមាជិកក្រុម ប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ សម្បត្តិ សុគន្ធ អគ្គលេខា ធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក.បានអញ្ជើញក្នុងសិក្ខាសាលាស្ដីពី សិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានាដែលពាក់ព័ន្ធនិងកិច្ចការពារកុមារចំណាកស្រុកដោយសុវត្ថិភាព និងការជួញដូរមនុស្ស ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ដោយលោក ហោ កុសល្យ នាយកប្រចាំតំបន់ អង្គការហាការ(HAGAR) The Whole jouney ព្រមទាំងសមាជិក គណៈកម្មការ មកពីមន្ទីរស្ថាប័នពាក់ព័ន្ធសរុបជាង៧០នាក់។ ក្នុងឱកាសបើកសិក្ខាសាលានេះ លោកជំទាវ សម្បត្តិ សុគន្ធ អគ្គលេខា ធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានមានប្រសាសន៍ថាប្រទេសកម្ពុជា គឺជាភាគីហត្ថលេខី ក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញ អ.ស.ប ស្ដីពីសិទ្ធិ កុមារ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ បន្ទាប់ពីអនុសញ្ញា អ.ស.ប ស្ដីពីសិទ្ធិកុមារ ត្រូវបាន អនុម័ត ដោយមហាសន្និបាត អ.ស.ប នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ និងត្រូវបានចូលជា ធរមាន ជាច្បាប់អន្តរជាតិស្តីពីសិទ្ធិកុមារ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩០។

មកដល់បច្ចុប្បន្ន មានប្រទេសចំនួន... បានផ្តល់សច្ចាប័ន ដែលជាកិច្ចព្រមព្រៀង ឬកិច្ចសន្យា ហើយ ប្តេជ្ញាយកអនុសញ្ញានោះមកអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន មានន័យថាអនុសញ្ញានេះបាន ផ្សារភ្ជាប់កាតព្វកិច្ចខាងផ្លូវច្បាប់ចំពោះរដ្ឋជាភាគី ក្នុងការអនុវត្ត និងមានយន្តការតាមដាន ត្រួតពិនិត្យការអនុវត្តអនុសញ្ញានេះតាមរយៈការធ្វើរបាយការណ៍របស់ប្រទេសជាភាគី។លោកជំទាវក៏បានក្រើនរំលឹកដល់ឪពុកម្ដាយអាណាព្យាបាលឬអ្នកថែទាំគួរជៀសវាងធ្វើសកម្មភាពដូចជា វាយ អង្រួន ស្រែកគំហក ស្តីបន្ទោស គំរាមកំហែង ឬដាក់ទណ្ឌកម្មលើ រាងកាយ នៅពេលដែលកុមារមានអាកប្បកិរិយាដូចជានិយាយកុហកឬ ធ្វើបែកសម្ភារ ។ល។ ផ្ទុយទៅវិញ ឪពុកម្ដាយអាណាព្យាបាល ឬ អ្នកថែទាំគួរស្វែងរកសកម្មភាពឆ្លើយតបបែបវិជ្ជមានណាដែលផ្តល់សេចក្តីស្រឡាញ់ភាពកក់ក្ដៅ ទំនុកចិត្ដ ឬភាពជឿជាក់ដល់កុមារដែលជួយឱ្យកុមារមានការលូលាស់ និងអភិវឌ្ឍបានល្អប្រសើររួមទាំងអាចក្លាយទៅជាមនុស្សដែលមានសុខុមាលភាពល្អ។ លោក ហោ កុសល្យ នាយកប្រចាំ តំបន់ អង្គការហាការបានឱ្យដឹងថា អំពើហិង្សាលើកុមារ គឺសំដៅលើគ្រប់ទម្រង់នៃការរំលោភ បំពាន ការធ្វើបាប ការមិនអើពើនិង ការជួញដូរកុមារ រួមទាំងការរើសអើង ដែលជាការរំលោភបំពានទៅលើសិទ្ធិ កុមារ អំពើហិង្សាលើកុមារ រួមមាន អំពើហិង្សាលើរូបរាងកាយ អំពើហិង្សា ផ្លូវចិត្ត អំពើហិង្សាផ្លូវភេទ និងការមិន អើពើឬមិនយកចិត្តទុកដាក់។ លោកជំទាវ នួន នារតី សមាជិកក្រុម ប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្តកណ្ដាល បានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីរំលឹកបន្ថែមទៅលើ ប្រធានបទសិទ្ធិកុមារ ប្រព័ន្ធកិច្ចការពារកុមារ និងច្បាប់ដែលពាក់ព័ន្ធ និងកិច្ចការពារកុមារ ផ្សព្វផ្សាយអំពីសកម្មភាពគម្រោងនានា ក៏ដូចជា ស្វែងយល់បន្ថែម អំពីលទ្ធផលនានាដែលអាជ្ញាធរ បាននិងកំពុងអនុវត្តទាក់ទងទៅនឹងពលករ ចំណាកស្រុក បញ្ហាប្រឈមសម្រាប់ពលករចំណាកស្រុក និងការជួញដូរមនុស្ស លើកទិសដៅ ផែនការផ្សព្វផ្សាយបន្ត សម្រាប់ស្រុមគោលដៅ ដែលបានជ្រើសរើស បង្កបរិយាកាស ឱ្យមានវេទិកាផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហារួមគ្នា ស្តីពីការគ្រប់គ្រងករណី និងបញ្ហាពលករចំណាកស្រុក ។

លោកជំទាវបន្ថែមថាដើម្បីទទួលបាននូវការយល់ដឹងបានល្អ លោកជំទាវបានសំណូមពរលោកជំទាវ លោក លោកស្រី ជា សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ កត់ត្រា និងចូលរួមមតិឲ្យបានផុលផុសដើម្បីរួមគ្នាក្នុងការចែករំលែក ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងទូលំទូលាយ និងរួមគ្នាដើម្បីលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងកិច្ចការពារកុមារនៅក្នុងគ្រួសារ យើង សហគមន៍យើង ខេត្តយើង និងប្រទេសយើង ឲ្យបានកាន់តែល្អប្រសើរឡើង ឆ្លើយតប ទៅនឹងអនុសាសន៍របស់គណៈកម្មារធិការសិទ្ធិកុមារនៃ អ.ស.ប ដែលបានចេញសេចក្ដីសង្កេត ចុងក្រោយ បន្ទាប់ពីគណៈប្រតិភូកម្ពុជា បានចូលរួមការពាររបាយការណ៍ជាតិលើកទី៤ ទី៥ ទី៦ ស្តីពីការអនុវត្តអនុសញ្ញា អស.ប ស្ដីពីសិទ្ធិកុមារក្នុងកិច្ចប្រជុំលើកទី៩០ របស់ គណៈកម្មាធិការ អ.ស.ប ទទួលបន្ទុកសិទ្ធិកុមារកាលពីថ្ងៃទី០៥-០៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវថ្មីៗកន្លងមកនេះ។

អត្ថបទទាក់ទង