"+++++++++++++++++ខេត្តកណ្ដាល ៖ អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ តស៊ូយ៉ាងប្ដូរផ្តាច់ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀនឱ្យខាងតែបាន នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានប្រកាសតស៊ូយ៉ាងប្ដូរផ្តាច់ បែបនេះក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ" ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ " នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។ ឯកឧត្ដមអភិបាលខេត្ត បន្តថា មន្ទីរ-អង្គភាពទូទាំងខេត្ត និងគណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀនក្រុង-ស្រុក ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាមន្ទីរនិង អង្គភាពពាក់ព័ន្ធ វិស័យសាសនា វិស័យឯកជន សប្បុរសជន អង្គការ សមាគមជាតិ-អន្តរជាតិជាដៃគូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សូមបន្តយកចិត្តទុកដាក់ចូលរួម និងគាំទ្រឱ្យកាន់តែសកម្មបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកបន្តរក្សា ការពារជីវភាពរស់នៅ ដ៏សុខក្សេមក្សាន្ត របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិយើង។
ឯកឧត្ដម បន្ថែមថា រដ្ឋបាលខេត្តកណ្តាល បានចូលរួមអនុវត្ត ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមខ្លឹមសារនៃ ប្រធានបទដែល បានលើកឡើងសម្រាប់ឆ្នាំនេះ គឺ "ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិ នៃបញ្ហាសុខភាព និងមនុស្សធម៌"។ ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាព្យាបាល សូមចូលរួម និងគាំទ្រដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដ៏មានសារៈសំខាន់នេះ ព្រោះមានតែប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មាតាបិតា អាព្យាបាល ដែលយល់ និងដឹងច្បាស់ពីបញ្ហាដែលបាននឹងកំពុងកើតមាននៅក្នុងសហគមន៍ នៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងគ្រួសាររបស់ខ្លួន ហើយការចូលរួមរបស់បងប្អូន អាចជួយឱ្យយើងឆ្លើយតប ឬធ្វើអន្តរាគមន៍ ទៅបានរលូន ចំបញ្ហា និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង-ស្រុក ទូទាំងខេត្ត ត្រូវពង្រឹងយន្តការនៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់ ដែលនៅជិត នៅជាប់ និងធ្វើការជាមួយពួកគាត់រាល់ថ្ងៃ ដោយលើកទឹកចិត្តពួកគាត់ឱ្យចូលរួមអនុវត្ត ពាក្យស្លោក ៣កុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង) និង១រាយការណ៍។
លោកវរសេនីយ៍ឯក គង់ ស៊ីដន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នគរបាលខេត្តកណ្ដាល និងជាលេខាធិការរងអចិន្រ្តៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល បានឱ្យដឹងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការបង្រ្កាបគ្រឿងញៀនសរុប ៥៤០ករណី ឃាត់ខ្លួនជនសង្ស័យ ៩០៩នាក់ ស្រី ៥៨នាក់ ជនជាតិខ្មែរ ៨៨៩នាក់ ជនជាតិវៀតណាម ១៤នាក់ និងជនជាតិចិន ០៦នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ឃើញថា ថយចុះចំនួន ៨៩ករណី ស្មើនឹង ១៤% ។