រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរស្រុកខ្សាច់កណ្តាល បានបិទផ្សាយជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ

++++++++++ខេត្តកណ្តាល៖ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ទាំង៣១០០ ក្បាលដី ស្ថិតនៅក្នុងភូមិឈូក និងភូមិថ្មី ឃុំសន្លុង សូមមេត្តារួសរាន់នាំគ្នាមកពិនិត្យមើល ទិន្នន័យក្បាល​ដី​របស់​ខ្លួន ឱ្យបាន​ច្បាស់លាស់ដូចជា ម្ចាស់កម្មសិទ្ធិ​រួម ជា​របស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ឈ្មោះ​ ថ្ងៃខែឆ្នាំកំណើត និងនៃពាក់ព័ន្ធផ្សេងៗជាច្រើនទៀត បើទិន្នន័យទាំងនេះមានការខុសឆ្គង សូមធ្វើការសាកសួរ ឬដាក់ពាក្យបណ្ដឹងតវ៉ា ជាមួយមន្ត្រីជំនាញដែលនៅប្រចាំការ ដើម្បីមន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ ពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់។ លោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល បានអំពាវនាវយ៉ាងទទូចដូច្នេះ នៅក្នុងបិទផ្សាយជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅស្រុកខ្សាច់កណ្ដាល កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

លោកបានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី៣០ ខែមិថុនានេះ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ លោកបានបន្ថែមថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី រឺប្លង់រឹងជូនបងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់បំផុត ព្រោះវាបានផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះ ដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗ ហើយវាក៏ជាកត្តាដែលធ្វើឱ្យដីរបស់បងប្អូនប្រជាពលរដ្ឋងាយស្រួលទិញលក់ និង ធ្វើឱ្យដីមានតម្លៃផងដែរ។ ថ្លែងក្នុងពិធីនេះដែរ លោក ឃឹម សំភា អភិបាលរងស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា ការចុះបញ្ជីរដីជាលក្ខណប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃកសរចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ សំដៅបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ភូមិ ឃុំ ដើម្បីកាត់បន្ថយទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើឡើង។លោកបានបន្តទៀតថា ដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដី ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។លោកក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្ត ពលរដ្ឋផ្សេងៗទៀតដែលមានដីនៅក្នុងភូមិសាស្រ្តខាងលើ ឱ្យនាំគ្នាមកពិនិត្យទិន្ន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងកែសម្រួលឡើងវិញ ព្រោះមានរយៈពេលកំណត់តែ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃបិទផ្សាយនេះតទៅ បើលើសការកំណត់គឺមិនអាចតវ៉ាបានឡើយ។

អត្ថបទទាក់ទង