++++++++++++++++ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបាក់ច្រាំងស្ទឹងព្រែកត្នោត ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលបានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីការពារការបាក់ច្រាំងស្ទឹងព្រែកត្នោត និងការរំដោះទឹកមិនអោយលិចក្នុងមូលដ្ឋានក្រុងតាខ្មៅ ។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះអោយបានឆាប់រហ័ស និងចំគោលដៅ គឺមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ ត្រូវយកផែនទីប្រព័ន្ធលូរំដោះទឹកនៅតំបន់នោះ មកពិនិត្យមើលជាមុនសិន ដើម្បីងាយស្រួលស្វែងរកនូវទីតាំងដែលជាប្រភពបង្កផលប៉ះពាល់អោយបានលឿន និងអាចជួសជុលចំទីតាំងនោះបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា មាត់ស្ទឹងព្រែកត្នោត មានការខូចខាតចំនួន ៣ទីតាំង ទីតាំងទី១ ចំណុចខាងកើតគល់ស្ពានថ្ម ជិតដើមពោធ៍ ទល់មុខផ្លូវលេខ២០១ ( អតីតដេប៉ូចាក់សម្រាម ) ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានពិនិត្យឃើញថា ការសាងសង់បេតុងកាពារជើងទេរច្រាំងស្ទឹងកន្លងមក បានលុបភ្ជិត មុខលូរំដោះទឹកហូរចូលស្ទឹងមិនមានផ្លូវហូរចេញ ដែលធើ្វអោយទឹកហូរបាចសាចច្រោះកង់លូ និងដីផ្នែកខាងក្នុង និងបូករួមនឹងកម្លាំងលំហូររបស់ស្ទឹងព្រែកត្នោត បណ្ដាលអោយមានការស្រុត និងបាក់ដាច់ហែកដាច់ផ្ទៃបេតុងកម្រាល និងការ៉ូឡាមាត់ស្ទឹងមានស្នាមដាច់ចេញពីគ្នាប្រវែង ១២១ម៉ែត្រ។ ទីតាំងទី២ ចំណុចអាហារដ្ឋានស្របតាមមាត់ស្ទឹង ទល់មុខផ្សារតាខ្មៅចាស់ និងផ្លូវលេខ ២០៤ បានពិនិត្យឃើញថា ទីតាំងលូរំដោះទឹកនេះ ប្រមូលទឹកពីផ្សារតាខ្មៅ និងផ្សាររាត្រី ហូរចូលស្ទឹងដែលមានអាយុកាលយូរឆ្នាំមកហើយ ដោយពុំមានការស្ដារ ឬស្ថាបនាថ្មីនៅឡើយ ព្រមទាំងមានកាកសំណល់កកស្ទះជាច្រើនផងដែរ ។ទីតាំងទី៣ ចំណុចក្រោយវិហារលោកតាសាថៃជឺ បានពិនិត្យឃើញថា ត្រង់ចំណុចបំពង់ទុយោបង្ហូរទឹកចេញពីស្ថានីយ៍បូមទឹកវិទ្យាល័យ ហ៊ុន សែន សេរីភាព មានលូទទួលទឹកពីផ្លូវមួយខ្សែស្របនឹងអាងបង្ហូរទឹក ហើយបំពង់ទុយោនោះបានបាក់ដាច់ផ្នែកខាងមុខលូ ជាហេតុធើ្វអោយទឹកហូរបាត់ច្រោះទៅផ្នែកខាងក្រោយរាល់ពេលមានភ្លៀងធ្លាក់។