+++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាឃុំ ពុកឬស្សីស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់ក្រុមប្រឹក្សាឃុំថ្មី ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៅក្នុងការអនុវត្តការងាររបស់ខ្លួនជាប្រចាំ ពីព្រោះគណនេយ្យភាព និងតម្លាភាពគឺជាកត្ត គន្លឹះដ៏សំខាន់នៅក្នុងអភិបាលកិច្ចល្អ ដើម្បីឆ្លុះបញ្ចាំងនូវភាពសុច្ចរិត និងភាពត្រឹមត្រូវប្រាកដប្រជា នៅក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ ការអនុវត្តថវិកា និងការចាត់ចែងការងារនានា ដែលធ្វើឡើង ដោយក្រុមប្រឹក្សាឃុំ។ឯកឧត្តមបាន គាំទ្រ និងលើកទឹកចិត្ត ដល់លោក លោកស្រីដែលជាមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំថ្មី ត្រូវខិតខំបន្តការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ ព្រោះការផ្តល់សេវាជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុស ត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងឃុំ ដើម្បីអនុវត្តឱ្យសម្រេច បានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្ត គោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព"។ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬ គណបក្សនយោបាយផ្សេងៗគ្នាក៏ដោយ តាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឱ្យ ប្រជាពលរដ្ឋក្នុងឃុំទាំងមូល ដូច្នេះ នៅក្នុងអាណត្តិការងារ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។សូមជម្រាបថា ក្រុមប្រឹក្សាឃុំពុកឬស្សី ដែលត្រូវបានប្រកាសសុពលភាពមានចំនួន ៩រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន ៧រូប និងមកពីគណបក្សភ្លើងទៀន ២រូប។