ខេត្តកណ្តាល៖រសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំទំនប់ធំក្នុងអាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ។ មានប្រសាសន៍ក្នុងឱកាសនោះ៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះ លោកលោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ ទាំងអស់ ក្នុងអាណត្តិទី៥ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្តនិងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំឃុំព្រែកដំបង ដើម្បីអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងឱកាសនោះឯកឧត្តមក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងអស់លោកដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិទី៥នេះ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាពផ្តាច់ជ្ញាក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន។ ឯកឧត្តមក៏បានជំរុញដល់ លោក លោកស្រីដែលជាមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំថ្មី ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ឱ្យបាននូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំជាពិសេសខិតខំបម្រើប្រជាពលរដ្ឋដើម្បីធ្វើឱ្យឃុំកាន់តែមានការអភិវឌ្ឍន៍ហើយជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀត ពោលគឺធ្វើជាមន្រ្តីត្រូវបម្រើរាស្រ្តដោយពិតប្រាកដ។ ឯកឧត្តម អភិបាលរងខេត្តបានផ្តាំផ្ញើដល់សមាជិក សមាជិកការ និងប្រជាពលរដ្ឋក្នុងស្រុកពញាឮ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា និងចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់គ្នា។ សូមបញ្ជាក់ថា៖សមាភាពប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំទំនប់ធំ ស្រុកពញាឮ មានចំនួន៧រូប មកពីគណបក្សប្រជាជនកម្ពុជា៕