រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធចំនួន ០៩ភូមិ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល

+++++++++ខេត្តកណ្ដាល៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋម្ចាស់ដីផ្ទាល់ ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល សូមចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងការចូលរួមចង្អុលបង្ហាញទីតាំងដី ព្រំដី ផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្ដល់ឯកសារពាក់ព័ន្ធទាំងឡាយ ដែលជាតម្រូវការចាំបាច់បំផុត សម្រាប់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងការបំពេញនូវទម្រង់ និងនីតិវិធី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ នេះជាការអំពាវនាវរបស់ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល និងជាប្រធាននាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកណ្ដាល ក្នុងឱកាសដែលលោក អញ្ជើញជាធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធចំនួន ០៩ភូមិ គឺភូមិពោធិ៍លើ ភូមិពោធិ៍កណ្ដាល ភូមិពោធិ៍ក្រោម ភូមិព្រែកតាឯក ភូមិព្រែក ភូមិព្រែកប៉ាន ភូមិព្រែកបាឡាត់ឆឹង ភូមិថ្កុល និងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

លោកអនុប្រធានមន្ទីរ បន្តថា ការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីផ្ទាល់ ក្នុងការចង្អុលបង្ហាញទីតាំងដី ព្រំដី ផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្ដល់ឯកសារពាក់ព័ន្ធទាំងឡាយ ដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យការបំពេញនូវគ្រប់ទម្រង់ និងនីតិវិធីក្នុងការចុះបញ្ជីដីធ្លីដំណើរការបានល្អ ឆាប់រហ័ស មានលក្ខណៈងាយស្រួល និងឆាប់បានផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីផ្ទាល់នៅក្នុងភូមិទាំង០៩ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានឱ្យដឹងដែរថា ការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលជាកម្មវិធីមួយបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផ្នែកសំខាន់ៗមួយនៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី ក្រោមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ កាត់បន្ថយទំនាស់ដីធ្លី និងជំរុញទីផ្សារដីធ្លីផងដែរ។ លោកអភិបាលស្រុកស្អាង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ពិសេសរដ្ឋបាលដែនដី និងសមាជិក សមាជិការ គណៈកម្មការរដ្ឋបាល ដែមានតួនាទីជាគណៈកម្មាធិការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញឱ្យបានល្អក្នុងការបង្ហាញនូវ ដីរដ្ឋ ដីចំណីផ្លូវ ប្រឡាយ ស្ទឹង ដោយធ្វើយ៉ាងណាដើម្បីឱ្យការចុះបញ្ជីដីធ្លីនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។

អត្ថបទទាក់ទង