ខេត្តកណ្ដាល៖ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្តាល ផលិត និងផ្គត់ផ្គង់បន្លែប្រមាណជាង៥០០តោនក្នុងរយៈពេល៦ខែ ជូនដល់ក្រុមហ៊ុនចំនួន៣ រួមមាន៖ ក្រុមហ៊ុន ខេមបូឌា ស្តេនដាត ឌីវីឡុបម៊ឺន & សិបផ្លាយ ឯ.ក ផ្សារកសិដ្ឋានធម្មជាតិ និងក្រុមហ៊ុនគូភីខាំ ឯ.ក។ នេះជាការលើកឡើងរបស់ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រនៃការចុះបញ្ជីសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្តាល និងចុះកិច្ចសន្យាផលិតកម្មកសិកម្មដើម្បីផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាពរវាងសហភាពសហគមន៍កសិកម្ម និងក្រុមហ៊ុន ខេមបូឌា ស្តេនដាត ឌីវីឡុបម៊ឺន & សិបផ្លាយ ឯ.ក ផ្សារកសិដ្ឋានធម្មជាតិ និងក្រុមហ៊ុនគូភីខាំ ឯ.ក នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្មដើម្បីផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាពរវាងសហភាពសហគមន៍កសិកម្ម និងក្រុមហ៊ុន ដែលសរុបបរិមាណបន្លែនឹងត្រូវផលិត និងផ្គត់ផ្គង់មានជាង៥០០តោនក្នុងរយៈពេល៦ខែខាងមុខ ដែលនេះជាកាលានុភាពថ្មីក្នុងការពង្រឹងវិស័យកសិកម្ម ជាពិសេសផលិតកម្មដំណាំបន្លែក្នុងខេត្តកណ្តាល អោយមានសក្ដានុពលនៅលើទីផ្សាក្នុងស្រុក ដែលឈាន ទៅរកការប្រកួតប្រជែងផលិតផលបន្លែដែលនាំចូលពីបរទេស រួមទាំងការនាំចេញទៅក្រៅប្រទេសផងដែរ។ ឯកឧត្តម បន្ថែមថា ការបង្កើតសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្ដាល គឺពិតជាមានសារៈសំខាន់ និងចាំបាច់ណាស់ក្នុងការជំរុញផលិតកម្ម និងទីផ្សារផលិតផលកសិកម្មជាពិសេសដំណាំបន្លែចម្រុះក្នុងខេត្តកណ្តាល ស្របតាមផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់ខេត្តកណ្តាល។ លើសពីនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្តាលដែលទើបបង្កើតឡើងថ្មីៗនេះ ជាសមិទ្ធិផលថ្មីមួយទៀតដែលខេត្តកណ្តាល បានឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្រោមទិសស្លោកថា "កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០" និងចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោក ស៊ុ្រន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយកកម្មវិធី "វ៉តធ័រហ្វខាំ" នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអបអរសាទរចំពោះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងចម្រុះខេត្តកណ្តាល ដែលបានចុះកិច្ចសន្យាផលិតកម្មកសិកម្មដើម្បីផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាពរវាងសហភាពសហគមន៍កសិកម្ម និងក្រុមហ៊ុន ខេមបូឌា ស្តេនដាត ឌីវីឡុបម៊ឺន & សិបផ្លាយ ឯ.ក ផ្សារកសិដ្ឋានធម្មជាតិ និងក្រុមហ៊ុនគូភីខាំ ឯ.ក។ ហើយលោកក៏បានផ្ដាំផ្ញើដល់ គ្រប់ភាគីចុះកិច្ចសន្យាផលិតកម្មកសិកម្មទាំងអស់ ដែលមានសហភាពសហគមន៍កសិកម្ម និងក្រុមហ៊ុនទាំង៣ អោយគោរពតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា និង មានចែងក្នុកិច្ចសន្យាដើម្បីអោយការអនុវត្តកិច្ចសន្យាទាំងនេះទទួលបានជោគជ័យ និងទទួលយកបានពីគ្រប់ ភាគី ជៀសវាងមានការបញ្ចប់កិច្ចសន្យាមុនពេលកំណត់ ឬប្តឹងផ្តល់គ្នាដោយប្រការណាមួយឡើយ។