រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្ដីពីនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២នៅសាលាខេត្តកណ្ដាល បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្ដីពីនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ក្រោមគណៈអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារាអភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ហូត សុីនាដ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយបានការចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង១១ផងដែរ។ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិកំពុងដើរលើមាគ៌ាជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការអភិវឌ្ឍប្រទេសជាតិដែលកាលពីអតីតកាលប្រទេសជាតិមួយនេះត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាម មកជាប្រទេសជាតិមួយដែលមានទំហំសេដ្ឋកិច្ចធំ៣ ដងធៀបនឹងឆ្នាំ១៩៩០ និងជាប្រទេសមានសន្តិភាពឯកភាពជាតិ អធិបតេយ្យភាព ស្ថេរភាពយោបាយសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ ថ្លៃថ្នូរ និងស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសដទៃក្នុងឆាកអន្តរជាតិ ដែលការណ៍នេះបានផ្ដល់កាលានុវត្តភាពក្នុងការបន្តដំណើរអភិវឌ្ឍន៍ មុខឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន។ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា៖ពាក់ព័ន្ធនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបានអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាសេនាធិការក្នុងការផ្ដួចផ្ដើមដាក់ចេញលិខិតបទដ្ឋានគតិយុទ្ធក្នុងការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅលើប្រព័ន្ធអភិបាលកិច្ច របស់ស្ថាប័នរដ្ឋក្នុងនោះសកម្មភាពសំខាន់ៗដែលរដ្ឋបាលខេត្តបានអនុវត្តរួមមាន៖-បានបញ្ឈប់ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង-ស្រុក រួមទាំងការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលក្រុង-ស្រុក និងការធ្វើសមាហរណកម្ម ការរៀបចំបុគ្គលិកនៅតាមការិយាល័យ និងអង្គភាពនានា ទៅក្នុងការរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង-ស្រុក ការងារបណ្ដុះបណ្ដាល ពាក់ព័ន្ធការអនុវត្តមុខងារទាំងនោះ។-ខិតខំអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដែលបានធ្វើឲ្យខេត្តកណ្ដាលឈានមុខគេ លើការវិភាជន៍ប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត សម្រាប់គម្រោងអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព។-បង្កើនការយកចិត្តទុកដាក់លើការពង្រឹងយន្តការប្រាស័យទាក់ទង ការចែករំលែកព័ត៌មាន នឹងបន្តជំរុញយុទ្ធសាស្ត្រប្រាស័យទាក់ទងបែបទំនើបឲ្យបានទូលំទូលាយ មានការចូលរួមពីអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ។ឯកឧត្តម ហូត សុីនាដ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា៖ដោយអនុលោមទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោល ការណ៍វិមជ្ឈការ និងវិសហមជ្ឈការតម្រូវឱ្យមានការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធប្រព័ន្ធ និងនីតិវិធី អនុវត្តការងាររបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលក្នុងនោះការៀបចំឡើងវិញនូវប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់មួយ។ ក្នុងន័យនេះ ដើម្បីផ្ដល់ នូវផែនទីបង្ហាញផ្លូវរយៈពេលវែង រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវឯកសារគោលនយោបាយ ស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានកំណត់នូវ គោលបំណង យុទ្ធសាស្ត្រនានា និងដំណាក់កាលជាក់លាក់សម្រាប់ការរៀបចំឡើងវិញ និងអនុវត្តនូវ ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយភាពប្រាកដប្រជា លើកកម្ពស់ភាពជាម្ចាស់ គណនេយ្យភាព ឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងតម្រូវការអភិវឌ្ឍ ជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាមដំណើរការនៃការផ្ទេរមុខងារ និងធនធានទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ។

អត្ថបទទាក់ទង