ខេត្តកណ្តាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរ ដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលត្រូវចុះវាសវែងផ្ទាល់ ក្នុងឃុំព្រែកអញ្ចាញ ពីព្រោះវាជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ត្រូវតែអញ្ជើញចូលរួមតាមការអញ្ជើញ និងការជូនដំណឹងរបស់ក្រុមការងារ ក្នុងការចង្អុលបង្ហាញទីតាំងដីព្រំដី និងផ្ដល់ព័ត៌មានឯកសារផ្សេងៗតាមនីតិវិធីដែលបានកំណត់ ដើម្បីក្រុមការងារនេះអាចដំណើរការបានល្អ និងឆាប់រហ័សក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹង ជូនប្រជាពលរដ្ឋ។ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ រួមមាន៖ ភូមិព្រែកតាបែន ភូមិព្រែកថ្មី ភូមិក្រោម ភូមិកណ្ដាល ភូមិលើ ភូមិកោះរកានិងភូមិឈើទាល ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។លោក ទៀង កុស្យារៈ បានបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាកម្មវិធីថ្មីដែលមានលក្ខណៈ ហ្មត់ចត់ច្បាស់លាស់ និងប្រើបច្ចេកទេសទំនើប និងមាន៥ដំណាក់កាលគឺ÷ ដំណាក់កាលទី១ ប្រកាសដំបន់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល, ដំណាក់កាលទី២ ចុះវាស់វែង និងប្រមូលទិន្នន័យ, ដំណាក់កាលទី៣ បិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល១៥ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យផងដែរ, ដំណាក់កាលទី៤ ប្រធានគណៈកម្មការរដ្ឋបាល ក៏ដូចជាអភិបាលខេត្ត ពិនិត្យ និងស្នើសុំចេញប័ណ្ណកម្មសិទ្ធិ និងដំណាក់កាលទី៥ ចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ។ក្នុងពិធីនេះដែរ លោក សាន វ៉ាន់ធុល អភិបាលរងស្រុកមុខកំពូល បានមានប្រសាសន៍ថា គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ជាពិសេសគឺប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីផ្ទាល់តែម្ដង។លោកបានបន្តថា ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេក វិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក បាននិងកំពុងអនុវត្ត ប្រកបដោយប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ហើយការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់បំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងជំរុញដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។ជាមួយគ្នានេះ លោកក៏បានស្នើដល់បប្រជាពលរដ្ឋត្រូវផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះ អោយបានជោគជ័យ និងឆាប់រហ័ស៕