++++++++++++++++++ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់គាំទ្រ ក្រុមចាស់ បង្កើតក្រុមថ្មី ពង្រីកគោលដៅឱ្យបានកាន់តែទូលំទូលាយ ដោយរៀបចំចងក្រង បណ្តាញអាជីវកម្ម អោយទៅជាបណ្តាញអាជីវកម្ម បង្គំ និងបណ្តាញអាជីវកម្ម អោយក្លាយជាសហគមន៍កសិកម្មបន្លែសុវត្តិភាព ។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករបណ្ដុំ អាជីវកម្ម និងសហគមន៍កសិកម្ម បន្លែសុវត្តិភាព ដែលពិធីនេះដែរប្រារព្ធធ្វើនៅវត្តមង្គលវ័ន្ត ហៅវត្តកណ្ដាល ស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត បន្តថា ការរៀបចំចងក្រង បណ្ដុំអាជីវកម្ម និងសហគមន៍បន្លែសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់ជីវភាពរបស់ប្រជាកសិករនៅក្នុងសហគមន៍ រក្សាបានទីផ្សារជូនពរពួកគាត់ ទន្ទឹមនឹងនោះបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ បន្ថែមពីនេះផងដែរបន្លែសុវត្ថិភាព គឺបានរួមចំណែកក្នុងការលើកកម្ពស់សុខភាពសម្រាប់អ្នកទទួលទាន និងធ្វើឱ្យយើងចៀសផុតពីជំងឺជាច្រើនផ្សេងទៀតផងដែរ។ ជាងនេះទៀតផងដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បន្តកៀងគរ វិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដោយបង្ហាញពីទស្សនៈ វិស័យ ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព ដែលត្រូវបន្តអនុវត្ត ដើម្បីធ្វើទំនើបកម្ម កសិកម្មធានាសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងបង្កើនចំណូលដល់កសិករ។ បង្កើនការផ្សព្វផ្សាយ និងអនុវត្តន៍បច្ចេកវិទ្យាទំនើបៗ ធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ពង្រឹងសហគមន៍កសិកម្ម បង្កើតមុខរបរបន្ថែម និងរៀបចំសហគមន៏កសិកម្ម អោយក្លាយជាសហភាពសហគមន៍កសិកម្ម ស្របតាមមុខរបររបស់ពួកគាត់ ។
ជំរុញការផ្សព្វផ្សាយការប្រើប្រាស់ថ្នាំផ្សំពីធម្មជាតិ ជីធម្មជាតិ ឬជីសរីរាង្គ កាត់បន្ថយ ថ្លៃដើមផលិត និងធានាសុខភាព អ្នកប្រើប្រាស់ អ្នកហូប និងបរិស្ថានធម្មជាតិ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ដែលជាបញ្ហាចម្បងនៅក្នុងមូលដ្ឋាន ត្រូវចាត់វិធានការ បង្ក្រាបឱ្យបានតឹងរឹង និងជាប់ជាប្រចាំនៅមូលដ្ឋានដូចភ្លៀងរលឹម។ ទន្ទឹមនេះ សូមប្រជាពលរដ្ឋ ជា ពិសេសយុវជន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយត្រូវចងចាំជានិច្ចថា គ្រឿងញៀនបំផ្លាញខ្លួនយើង គ្រួសារយើង សហគមន៍យើង និងប្រទេសជាតិរបស់យើង ហើយត្រូវប្រកាន់ភ្ជាប់នូវ គោលការណ៍ ៣កុំ ១រាយការណ៍។ បន្តជំរុញបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន និងបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋរបស់យើងទៅ ចាក់វ៉ាក់សាំង ដូសជម្រុញ ឬដូសទី៣, ដូសទី៤ និងដូសទី៥ តាមកាលកំណត់ ។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱ្យដឹងថា សហគមន៏កសិកម្មទូទាំងខេត្តកណ្ដាលមាន ៧០សហគមន៏ ក្នុងនោះ សហគមន៏ មានមុខរបរ ផ្តោតលើ បន្លែសុវត្ថិភាពមានចំនួន ១៥សហគមន៏ និង សហគមន៏ ផ្ដោតលើដំណាំស្វាយមាន ០២ សហគមន៏។ ដោឡែកនៅស្រុកស្អាងមានសហគមន៍កសិកម្ម ចំនួន១២បណ្ដុំ អាជីវកម្មចំនួន ៣៥បណ្តុំ ក្នុងនោះមានសហគមន៍ចំនួន៥ និងបណ្ដុំអាជីវកម្មចំនួន ១៨បណ្ដុំ កំពុងធ្វើសកម្មភាពពាក់ពន្ធ័ទៅនឹងផលិតកម្មបន្លែសុវតិភាព ( GAP និង បន្លែសរីរាង្គស្តង់ដា PGS)។ ឆ្នាំ២០២១ ស្រុកស្អាងផលិតកម្មបន្លែកើនឡើង ដល់ចំនួន ៥ ១៦៩ ហិកតា ទទួលបានបរិមាណផលចំនួន ៤២ ១៧៦តោន/ឆ្នាំ ស្មើនឹង ១១៥,៥៥ តោន/ថ្ងៃ ។