+++++++++++ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២២ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យរដ្ឋ និងចំណូលមិនមែនសារពើពន្ធរួមជាមួយ ឯកឧត្ដម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ដកណ្ដាល បានដឹកនាំក្រុមការងារអន្តរក្រសួង មន្ទីរ-អង្គភាពជុំវិញខេត្ត ប្រជុំពិនិត្យ ពិភាក្សា និងការប្រើប្រាស់ដីសាធារណ:របស់រដ្ឋ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្នុងឱកាសនោះអង្គប្រជុំបានឯកភាព បង្កើតក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ដើម្បីពិនិត្យ ពិភាក្សា លើការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងមានគោលដៅសំដៅដល់ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរបស់រដ្ឋគ្រប់ប្រភេទ ដើម្បីរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ របស់សង្គមជាតិ។ ឯកឧត្តម នេត មុន្នី បានមានប្រសាសន៍ថា ដើម្បីជម្រុញការអនុវត្ត និងការប្រមែលម្រូលព័ត៌មាន រួមគ្នាដោះស្រាយបញ្ហាទាក់ទងទៅនឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវគោរព និងអនុវត្ត លើវិធានការ និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ វិធានការ និងនីតិវីធីនៃការរៀបចំ និងការជម្រះ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ឯកឧត្តមបន្តថា មន្ទីរជុំវិញខេត្ត ក្រុង ស្រុក ត្រូវរៀបចំបញ្ជីដីសាធារណៈរបស់រដ្ឋ ដើម្បីគោរពរាយការណ៍ជូនក្រុមការងារ លេខាធិការដ្ឋានរបស់ខេត្ត និងអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃ ស្របនីត្យានុកូលភាព ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន៕