ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល ខេត្តកណ្ដាល++++++++++ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញ ប្រកាស់តែងតាំង លោក សាន វ៉ន់ធុល អភិបាលរងស្រុកអង្គស្នួល ជំនួសលោក ដាវ បុត្ររង្សី ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងជាអភិបាលរងស្រុកមុខកំពូល ។ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានឱ្យដឹងថាលោក ដាវ បុត្ររង្សី អភិបាលរងស្រុក បានបម្រើការងារចំនួន២អាណត្តិ រយៈពេល ៨ឆ្នាំ ហេីយត្រូវបានបញ្ចប់បេសកកម្មក្នុងស្រុកអង្គស្នួល តាមច្បាប់បានកំណត់។ រយៈពេល៨ឆ្នាំនៃការរូមចំណែកដឹកនាំក្នុងស្រុកអង្គស្នួលលោកបានយកអស់ស្មារ តីកំលាំងកាយចិត្តធ្វេីអោយស្រុកអង្គស្នួលមានការរីកចំរេីនគួរអោយកត់សំគាល់។ ឯកឧត្តម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់អភិបាលរងស្រុកថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។ បន្ថែមពីនេះអភិបាលរងស្រុកថ្មីទាំងពីរត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ ឯកឧត្តម អភិបាលរងខេត្តកណ្ដាល បានបន្តថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ និង រាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំងលោក សាន វ៉ន់ធុល ជាអភិបាលរងស្រុកអង្គស្នួល ដើម្បីរួមចំណែកដឹកនាំនិងធ្វេីការអភិវឌ្ឍស្រុកអង្គស្នួល អោយរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ។ ឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈ អភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកអង្គស្នួល ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដោយបានជំរុញការអភិវឌ្ឍស្រុកអង្គស្នួល ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ។
- 179
- ដោយ អ៊ុន ស្រីកែវ