ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងស្រុកពញាឮចំនួន ៤៩វត្ត ដែលពិធីនេះបានរៀបចំឡើងនៅ ក្នុងវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។បុណ្យចូលព្រះវស្សាគឺ ជាបុណ្យដែលមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវចូលវស្សាតាមពុទ្ធានុញ្ញាត រយៈពេល៣ខែជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ ថ្ងៃ១៥កើត ខែអស្សុជ ហើយក្នុងអំឡុងពេលចូលវស្សាព្រះសង្ឃគឺពុំអាចនិមន្តចេញពីវត្ត និងបិណ្ឌបាតដូចធម្មតាបានឡើយ ពោលគឺជាពេលមួយសម្រាប់ព្រះសង្ឃត្រូវសិក្សារៀនសូត្រធម៌វិន័យ ដូច្នេះពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ក្នុងការទំនប់បម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវរ និងភេសជ្ជៈជាដើមសម្រាប់ប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លា។សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យវត្ថុរបស់រដ្ឋបាលខេត្ត ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ទាំង ៤៩វត្ត ក្នុងមួយវត្តទទួលបាន អង្ករ ២០០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១កញ្ចប់ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ៥កេស ទឹកត្រី ២១កេសធំ និងបច្ច័យមួយចំនួន។ ដោយឡែកសម្រាប់វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ទទួលបាន អង្ករ ៤០០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១កញ្ចប់ ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស មី ២០កេស ត្រីខ ២កេសធំ និងបច្ច័យមួយចំនួនផងដែរ។