រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋ រងគ្រោះបាក់ស្រុតផ្ទះតាមមាត់ច្រាំងព្រែកត្នោត នៅក្រុងតាខ្មៅចំនួន៥៨គ្រួសារ ទទួលបានអំណោយ និងថវិកា ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

++++++ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមទាំងសហការរី មន្ត្រីរាជការ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ មនុស្សធម៌មកចែកជូន ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានរងគ្រោះដោយការបាក់ស្រុតផ្ទះតាមមាត់ច្រាំងព្រែកត្នោត ចំនួន៥៨គ្រួសារ ដែលគ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បង្កឡើងដោយទឹកភ្លៀង ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ។ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ជាពិសេសឯកឧត្តមក៏បាននាំមកនូវផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តមបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពោលគឺទីណាមានទុកលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌។សូមជម្រាបផងដែរថា អំណោយដែលចែកជូនគ្រួសាររងគ្រោះ ក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ២៥ គីឡូក្រា មី ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ ២យួរ ទឹកសុទ្ធដបធំ ១កេស ម៉ាស ១ប្រអប ជែលលាងដៃ ១ដប និងថវិកា ២០ម៉ឺនរៀល។

អត្ថបទទាក់ទង