+++++++ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប សហការជាមួយរដ្ឋបាលខេត្តកណ្តាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ” ជូនដល់អាជីវករដែលជាម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងខេត្តកណ្តាល។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំរបស់សាលាខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមជាគណៈអធិបតិពីសំណាក់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការចូលរួមផងដែរពី បណ្តាមន្ទីរពាក់ព័ន្ធ រដ្ឋបាលស្រុក-ស្រុក និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈក្នុងខេត្តកណ្តាលប្រមាណ ៣០០នាក់។
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ផាន អូន បានបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបញ្ជៀបការយល់ដឹងផ្នែកច្បាប់ សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន។ឯកឧត្តម បានបន្តថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់នូវការយល់ដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ឱកាសឱ្យសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរដើម្បីរួមគ្នាដោះស្រាយ ជំរុញនិងលើកកម្ពស់ការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ យុត្តិធម៌ និងជំរុញឱ្យខឿនសេដ្ឋកិច្ចជាតិរីកចម្រើនទៅមុខ។
ឯកឧត្តម បានបន្ថែមថា ប្រសិនបើអាជីវករទាំងអស់អនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាព នឹងជំរុញមានការការពារដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់ និងធុរជន ធ្វើឱ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ពិសេសសម្រាប់វិស័យប្រេងឥន្ធនៈ នឹងធ្វើឱ្យអាជីវកម្មប្រកបដោយសុចរិត និងមានការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ និងសមធម៌ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ថ្លែងក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថាច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់មានសារៈប្រយោជន៍ណាស់គឺ ១.ធានាឱ្យមានកិច្ចការពារអ្នកប្រើប្រាស់និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត២.ការពារអ្នកប្រើប្រាស់ ពីអំពើមិនសុចរិតក្នុងធុរកិច្ច និងការអនុវត្តមិនសុចរិត និងទី៣.លើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត។ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកទឹកចិត្ត ដល់អាជីវករដែលជាម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ ត្រូវប្រើប្រាស់នូវសិក្ខាសាលានាថ្ងៃនេះជាវេទិកាមួយ ក្នុងការជួបជុំរវាងអ្នកអនុវត្តច្បាប់ និងធុរជន ដើម្បីពិភាក្សាលើបញ្ហានានា ដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសគឺការផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួម គោរព ក៏ដូចជាអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាព។ សូមបញ្ជាក់ផងដែរថា នេះជាលើកទី៣ ដែលអគ្គនាយកដ្ឋានក.ប.ប. ក្រោមកិច្ចសហការពីគណៈអភិបាលខេត្តកណ្តាល និងដៃគូផ្សេងទៀត បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល បញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ ជូនដល់ពាណិជ្ជករ ផលិតករ អាជីវករ និងអង្គភាពពាក់ព័ន្ធ ទទួលបាននូវការយល់ដឹងផ្នែកច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីរួមគ្នាគោរព និងអនុវត្តតាម ឱ្យមានប្រសិទ្ធភាពខ្ពស់។