++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងស្រុកអង្គស្នួលចំនួន ៣១វត្ត ដែលពិធីនេះបានរៀបចំឡើងនៅ ក្នុងវត្តអង្គពពាយមានជ័យ ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំក្រាំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ឯកឧត្តមបានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាលពីសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ក៏មិនមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចសព្វថ្ងៃនេះដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយ ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាមាគ៌ានាំមកនូវសង្គម និងប្រជាជាតិទាំងមូល ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ទៀតផងដែរ។នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ទៀនព្រះវស្សា និងទេយ្យទាន ជាច្រើនដែលរដ្ឋបាលខេត្តយកមកវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរពទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាត និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សារ អស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា ក្នុងឱកាសព្រះសង្ឃចូលកាន់ព្រះវស្សារយៈពេល៣ខែនេះ គឺជាពេលវេលាមួយយ៉ាងសំខាន់ សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់នូវពន្លឺភ្លើងទានវស្សានេះ ទៅដុតបំភ្លឺមើលគម្ពីរព្រះត្រៃបិដក និងបូជាថ្វាយដល់ព្រះគុណ ព្រះរតនត្រ័យផងដែរ។ សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យទាន ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានាឱកាសនោះគឺ ក្នុងមួយវត្តទទួលបាន អង្ករ ២០០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១កញ្ចប់ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ៥កេស ត្រីខ ១កេសធំ និងថវិកាមួយចំនួន។