+++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្ត បានចូលរួមក្នុងកម្មវិធីប្រជុំគណៈគ្រប់គ្រងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ដីពីវឌ្ឍនភាពការងារ និងទិសដៅឆ្ពោះទៅរកការបើកបវេសនកាលសិក្សាឆ្នាំ ២០២២-២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមព្រះរាជាធិបតីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជ រាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។ សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះ សាកលវិទ្យាធិការ នៃសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានសង្ឃដីកាថា៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (ស.ស.ប.គ) ទទួលស្គាល់ដោយអនុក្រឹត្យលេខ ៦៤អនក្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន និងជាសាកលវិទ្យាល័យដំបូងបង្អស់ កកើតនៅលើទឹកដីខេត្តកណ្តាល។ ព្រះអង្គបានបន្តថា សាកលវិទ្យាល័យនេះ នឹងចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងចីរភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភាជាតិ ដែលនៅតែបន្តចាត់ទុកវិស័យទាំងបួនជាអាទិភាព គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ។
ព្រះអង្គបន្ថែមទៀតថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមិនគិតពីប្រាក់ចំណេញ គ្រាន់តែឱ្យនិស្សិតម្នាក់ៗចូលជាបដិភាគថ្លៃទឹក ភ្លើង បួនម៉ឺនរៀល ក្នុង១ខែ។ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន ៥ ដូចខាងក្រោម៖១.មហវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា២.មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៣.មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម៤.មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម៥.មហាវិទ្យាវិទ្យាល័យអភិវឌ្ឍន៍ និងទេសចរណ៍៕ ព្រះអង្គបានឱ្យដឹងដែរថា សកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នឹងចាប់ផ្ដើមទទួលពាក្យសិក្សានៅខែវិច្ឆិកា ឆ្នាំ២០២២ និងចាប់ផ្ដើមបើកបវេសនកាលថ្មីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។