រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពីការជំរុញ ការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ដែលគាំទ្រហិរញ្ញប្បទានដោយអង្គការយូនីសេហ្វ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការជំរុញ ការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ ដែលគាំទ្រហិរញ្ញប្បទានដោយអង្គការយូនីសេហ្វ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានស្នើដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រង-ស្រុក ត្រូវពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយទៅលើបញ្ហាប្រឈម ដែលជាកត្តាធ្វើឱ្យមានភាពរាំងស្ទះក្នុងការអនុវត្តសកម្មភាពការងារ ដោយសារតែកន្លងមកនេះ យើងទាំងអស់គ្នាកំពុងរវល់លើកិច្ចការងារជាច្រើនដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង កិច្ចការងារផ្សេងៗទៀតជាច្រើនផងដែរនៅមូលដ្ឋាន។ លោកជំទាវបានបញ្ជាក់ថា គម្រោងសកម្មភាពដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២២ មកដល់ពេលនេះ មិនទាន់បានអនុវត្តគ្រប់ជ្រុងជ្រោយ មិនថាថ្នាក់ខេត្ត ឬថ្នាក់ក្រុង-ស្រុកឡើយ ដោយមើលឃើញបែបនេះទើបក្រសួងបានចេញ នូវលិខិតលេខ ១២២ លស/អ.រ.ប ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ដើម្បីជម្រុញឱ្យរាជធានី-ខេត្ត ពន្លឿនក្នុងការអនុវត្តសកម្មភាពទាំងនោះ ព្រោះថាថវិកាដែលគាំទ្រនូវសកម្មភាពទាំងនេះគឺមានរយៈពេលកំណត់ បើយើងមិនបានអនុវត្តទេ នោះថវិកាទាំងនេះ នឹងត្រូវបង្វិលទៅឱ្យគេវិញ។លោកជំទាវអភិបាលបាលរងខេត្ត បានលើកឡើងថា ចំពោះសកម្មភាពណាដែលយើងគិតថាលំបាកក្នុងការអនុវត្ត ឬលំបាក់ក្នុងការទូទាត់យើងនឹងពិភាក្សាគ្នារកដំណោះស្រាយរួមគ្នាមួយ ជាពិសេសយើងនៅមានក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ក្រសួងជាអ្នកចាំជួយគាំទ្រ ដូចនេះអ្វីដែលសំខាន់នោះគឺនៅសល់តែការតាំងចិត្ត ឬការផ្តាច់ជ្ញាចិត្តក្នុងការអនុវត្តវាតែប៉ុណ្ណោះ។ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ក៏បានជំរុញដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តខិតខំចូលរួមសហការអនុវត្តជាមួយលេខាធិការដ្ឋានកូវីដ-១៩ខេត្ត និងក្រុមការងារសេវាសង្គមខេត្ត លើសកម្មភាពប្រមូលជនងាយរងគ្រោះនានានៅក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ និងត្រូវចុះបង្វឹកជាប្រចាំដល់ឃុំ-សង្កាត់ លើការអនុវត្តមុខងារវិស័យសេវាសង្គមនៅថ្នាក់ឃុំ-សង្កាត់ ទៅលើការគាំទ្រផ្នែកបច្ចេកទេស លើការបញ្ចូលគម្រោងសេវាសង្គមទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ-សង្កាត់ ឬការបញ្ចូលសកម្មភាពសេវាសង្គមទាំងនោះទៅក្នុងទម្រង់ថវិការបស់រដ្ឋបាលឃុំ-សង្កាត់ ជាដើម។គួបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកណ្តាល ក្នុងឆ្នាំ២០២២នេះ បានទទួលថវិកាគាំទ្រពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លើការគាំទ្រផែនការសកម្មភាព និងថវិកា ស្តីពីការគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គម ដែលក្នុងនោះប្រើប្រាស់ទៅលើសកម្មភាពរួមមាន៖ គាំទ្ររដ្ឋបាលខេត្ត ដើម្បីវិភាគស្ថានភាព និងរៀបចំកម្មគម្រោងអាទិភាពដាក់ចូល ក្នុងកម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្ត្រថវិកាខេត្ត២០២១-២០២៣ ។ គាំទ្ររដ្ឋបាលខេត្ត ដើម្បីតាមដាន និងសម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ ។ គាំទ្ររដ្ឋបាលខេត្ត ដើម្បីគាំទ្រដល់ជនងាយរងគ្រោះ(ជនក្រីក្រ និងជនពិការ) ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ តាមរយៈការរៀបចំក្រុមចល័តដើម្បីទៅដល់ប្រជាពលរដ្ឋ ឬដឹកជញ្ជូនពួកគេទៅកាន់កន្លែងចាក់ថ្នាំ ឬអនុវត្តការផ្សព្វផ្សាយព័ត៌មានទំនាក់ទំនង ក្នុងតំបន់ពិបាកទៅដល់តំបន់ដាច់ស្រយ៉ាល។ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ណែនាំ ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។ គាំទ្រឃុំសង្កាត់ ក្នុងការរៀបចំថវិកាសម្រាប់ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។ គាំទ្រការសាកល្បង ទទួលស្គាល់កម្មវិធីពានរង្វាន់សេវាសង្គម ។ គាំទ្រដល់ក្រុងស្រុក និងឃុំសង្កាត់ ដើម្បីអនុវត្ដសៀវភៅណែនាំការអនុវត្តសេវា សង្គម និងគោលការណ៍ណែនាំចំណាយសង្គមនៅថ្នាក់ឃុំសង្កាត់ ។ និងគាំទ្រក្រុងស្រុក សម្រាប់ផ្តល់ការបង្វឹកជាប្រចាំដល់ឃុំសង្កាត់។

អត្ថបទទាក់ទង