រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដល់សមាជិកក្រុមប្រឹក្សាឃុំ មកស្រុកចំនួន៣ ដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៥

ខេត្តកណ្តាល៖ សមាជិកក្រុមប្រឹក្សាឃុំ មកស្រុកចំនួន៣ ក្នុងខេត្តកណ្ដាលដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៥ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ នៅសាលាខេត្ត នាថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលតម្រង់ទិសនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលបានផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី ហើយមិនទាន់មានបទពិសោធក្នុងការងារ សំដៅជួយពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី អាចអនុវត្តតួនាទី និងភារកិ​ច្ច​ក្នុងការ​ឆ្លើ​យ​​​​​​​តបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ​ប្រក​​​ប​​ដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បី​​ឈាន​ឆ្ពោះ​ទៅ​​​​​​​រួ​មចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោក លោកស្រី នៅពេលត្រឡប់ទៅបំពេញការងារនៅតាមរដ្ឋបាលឃុំវិញ សូមលោក លោកស្រី យកចំណេះដឹងដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីដុសខាត់ចំណេះដឹង និងសមត្ថភាពរបស់យើងឱ្យកាន់តែប្រសើរថែមទៀត។ សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិសរយៈពេល០២ថ្ងៃ ស្រុកចំនួន០៣ ដែលទទួលបានវគ្គបណ្ដុះបណ្ដាល រួមមានស្រុកកៀនស្វាយ ស្រុកអង្គស្នួល និងស្រុកស្អាង។ សម្រាប់អាណត្តិទី៥នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តកណ្តាល មានចំនួនសរុប៩១៥ នាក់ ស្រីចំនួន១៨៨ នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាប់ថ្មី(អ្នកមិនធ្លាប់ជាសមាជិកក្រុមប្រឹក្សាពីមុនមក) មានចំនួន៤៤៩ នាក់ ស្រី១០៤ នាក់។

អត្ថបទទាក់ទង