រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីរស្រុកចំនួន៤ ក្នុងខេត្តកណ្ដាលដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៥

+++++++++++++ខេត្តកណ្តាល៖លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បានអញ្ជើញ​បិទ​វគ្គ​បណ្ដុះបណ្ដាល​តម្រង់ទិស សម្រាប់​ក្រុមប្រឹក្សាឃុំ សង្កាត់​ជាប់ឆ្នោត​ថ្មី ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ នៅសាលាខេត្តកណ្តាល។​ក្នុងពិធីវគ្គ​បណ្ដុះបណ្ដាល​នេះ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាល បានមានប្រសាសន៍ថា៖ ដើម្បី​សម្រេចបាន គោលបំណង​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២ (​ឆ្នាំ ២០២១-២០៣០) លោក គ្រុយ ម៉ាឡែន បានសំណូមពរ​សូមឱ្យ​សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោត​ថ្មី ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ត្រូវតែ​ខិតខំ​កែប្រែ​ឥរិយាបថ​របស់ខ្លួន ក្នុងការ​បំពេញ​តួនាទី ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​។ ត្រូវមាន​ភាពជា​តំណាង​សាធារណៈ ស្វ័យភាព​របស់​មូលដ្ឋាន ការពិគ្រោះ​យោបល់ ការចូលរួម​ការឆ្លើយ​តប និង​គណនេយ្យភាព ការលើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន នៅ​មូលដ្ឋាន​។

បន្ថែម​ពីនេះ​ទៀត សូម​សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ យកទៅ​អនុវត្តតាម​មូលដ្ឋាន ឲ្យ​បានល្អ​ប្រសើរ ពិសេស​គឺ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ នូវ​សមត្ថភាព និង​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា រយៈពេល ២ ថ្ងៃ កន្លងមកនេះ ឱ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ លោកបានបន្តថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះលោក គ្រុយ ម៉ាឡែន ក៏បានផ្តាំផ្ញើដល់លោក លោកស្រី នៅពេលត្រឡប់ទៅបំពេញការងារនៅតាមរដ្ឋបាលឃុំ-សង្កាត់វិញ សូមលោក លោកស្រី យកចំណេះដឹងដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីដុសខាត់ចំណេះដឹង និងសមត្ថភាពរបស់យើងឱ្យកាន់តែប្រសើរថែមទៀត។ សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះរយៈពេល០២ថ្ងៃ ស្រុកចំនួន០៤ ដែលទទួលបានវគ្គបណ្ដុះបណ្ដាល រួមមានស្រុកកោះធំ ស្រុកល្វាឯម ស្រុកមុខកំពូល និងស្រុកពញាឮមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន១៥២នាក់។

អត្ថបទទាក់ទង