រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្ដាល

++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្ដាល ជាមួយប្រជាពលរដ្ឋ ទាំង៧៣គ្រួសារ ដែលបានជួបការលំបាកក្នុងការប្រើប្រាស់ទឹកស្អាត ស្ថិតនៅឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ ស្រុកស្អាង និងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បន្ទាប់ពីបានប្រជុំដោះស្រាយ នឹងដាក់ផែនការឱ្យអាជ្ញាធរក្រុងតាខ្មៅ ស្រុកស្អាង អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនតភ្ជាប់ទឹកស្អាត ជូនប្រជាពលរដ្ឋ ទាំង៧៣គ្រួសារ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះ​បាន​ក្នុង​កា​រគិតគូរពីសុខមាលភាព ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រី​ក្រ​របស់​ប្រ​​​ជាពលក្នុងមូលដ្ឋាន។ កិច្ចប្រជុំនេះមានគោលដៅដើម្បីឲ្យរដ្ឋបាលដែនដី មន្ទីរជំនាញពាក់ព័ន្ធ ក្នុងការខិតខំរួមគ្នា ការប្ដូរឥរិយាបថ និងវិធីធ្វើសកម្មភាព ក្នុងការផ្ដល់សេវាសាធារណ: ប្រកបដោយសមធម៌ និងបរិយាប័ន្ន ជាពិសេសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយផាសុខភាពជូនប្រជាពលរដ្ឋស្របតាមសង្គមកំពុងអភិវឌ្ឍ ដើម្បីនិរន្តរភាព និងការអភិវឌ្ឍសង្គមជាតិ ឈានឆ្ពោះទៅរកការអភិវឌ្ឍស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំណត់ជាអាទិភាពគឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស ក្នុងគោលបំណងពង្រឹងនូវអភិបាលកិច្ចល្អ ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាលទ្ធផលក្នុងរយៈពេល ២០ ថ្ងៃកន្លងមកនេះ អាជ្ញាធរក្រុង ស្រុក អ្នកពាក់ព័ន្ធ ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានសហការគ្នាបានយ៉ាងល្អ ក្នុងការតភ្ជាប់បណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋទាំង ៧៣គ្រួសារ ដែលរស់នៅ ឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ ស្រុកស្អាង និងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មានទឹកស្អាតសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ហើយ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើ អោយអង្គភាពពាក់ព័ន្ធទាំងអស់​​ត្រូវបន្តយកចិត្តទុកដាក់សហការគ្នា និងចូលរួមដោះស្រាយបញ្ហាដែលជាការលំបាករបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕

អត្ថបទទាក់ទង