+++++++++++++++++++++++++ខេត្តកណ្ដាល៖ អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាលចំនួន ៤ រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ អភិបាលរងខេត្ត ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងទាំង ៤រូប រួមមាន ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្ត និងលោក ឌឹម បូរ៉ា ក្របខ័ណ្ឌអាជ្ញាធរសវនកម្មជាតិ ឱ្យទទួលមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។ ទន្ទឹមនោះ រាជរដ្ឋាភិបាល ក៏បានសម្រេចផ្ទេរភារកិច្ចលោក ហាក់ សុខមករា ពីអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលដល់អាណត្តិការងារ ០៨ឆ្នាំ ឱ្យមកទទួលមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងនូវការអបអរសាទរលោកអភិបាលរងថ្មីទាំង ៤ រូប ហើយឯកឧត្តមក៏បានស្នើដល់ អភិបាលរងថ្មីទាំង ៤រូន ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ខេត្តកណ្តាលឱ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់រដ្ឋបាលខេត្ត ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ។
បន្តពង្រឹងការគ្រប់គ្រងសភាពការណ៍តាម មូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកប ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌សង្គម និងត្រូវជៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព។ បន្តជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង ឱ្យកាន់តែ មានប្រសិទ្ធភាពថែមទៀតក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូលផងដែរ។